រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលចំពោះព័ត៌មានផ្សាយថា «ចុងភៅជនជាតិថៃបានស្លា.ប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបអំពីព័ត៌មានដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានាដែលបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លា.ប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត ។

ក្រសួងសុខាភិបាលបានលើកឡើងថា តាមការពិនិត្យស្រាវជ្រាវជាក់ស្តែង របស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះបានស្លា.ប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបានបដិសេដ ដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកវិជ្ជាជីវៈសុខាភិបាល កម្ពុជា និងបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ ។
ក្រសួងសុខាភិបាលបានអះអាងថា កន្លងមកមន្ត្រី បុគ្គលិកនៅគ្រប់មូលដ្ឋានសុខាភិបាលតែងតែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដោយគ្មានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ក្រសួងសុខាភិបាលបាន និងកំពុងផ្តោតសំខាន់ៗក្នុងការបម្រើសេវាសុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ពោល គឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ ៕
ចែករំលែកព័តមាននេះ