រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន២ ។

គម្រោងទាំងពីរដែលភាគីកម្ពុជា -ជប៉ុនចុះហត្ថលេខាមាន៖
១-ទឹកប្រាក់ចំនួន២១.៥២៦.០០០.០០០យ៉េន (ប្រមាណ១៤៣.៥លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ។

២-ទឹកប្រាក់ចំនួន២២.៩១១.០០០.០០០ យ៉េន (ប្រមាណ១៥២,៧លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ