ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ប្រជុំ​ក្រុមការងារ​អចិន្ត្រៃយ៍​ទី​៣ ដើម្បី​ត្រៀម​សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​ខេត្ត​ប៉ៃលិន

2 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ងួ​ន រតនៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​អចិន្ត្រៃយ៍​ទី​៣…

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ងួ​ន រតនៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​អចិន្ត្រៃយ៍​ទី​៣ ដើម្បី​សម្រប​សម្រួលការ​រៀបចំ​ទីតាំង​សុវត្ថិភាព ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន ការ​ដឹក​ជញ្ជូន ការ​ដោះស្រាយ​សេវា​សាធារណៈ សុខាភិបាល និង​សន្តិសុខ​សណ្តាប់​ធាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​ខេត្ត​ប៉ៃលិន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​កងកម្លាំង​ទាំង​បី​ប្រភេទ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​អាជ្ញាធរ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់​ផង​ដែរ​ ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​របាយការណ៍​ថា​ ខេត្ត​ប៉ៃលិន​ទទួលខុសត្រូវ​ចាប់ពី​ខ្សែ​ (Y០១-៣៨) ប្រវែង ៣៨​គីឡូម៉ែត្រ និង​តាម​បន្ទាត់​ព្រំដែន​ប្រវែង ៥៥,២​គីឡូម៉ែត្រ មាន​ព្រំប្រទល់ ខាងជើង​ទល់​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ខាងត្បូង​ទល់​ស្រុក​សំឡូត ខេត្តបាត់ដំបង ខាងកើត​ទល់​ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង និងខាងលិច​ទល់​ខេត្ត​ចន្ទ​បុរី ​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់ ដោយ​មាន​ឃុំ​ចំនួន​១ សង្កាត់​ចំនួន​១ និង​ភូមិ​ចំនួន ៨ ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ថៃ ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន ៣.២៩៦ គ្រួសារ ស្មើ​មនុស្ស​រាយ​ចំនួន ១៤.៨៥៨​នាក់​ ។

លោក​ជំទាវអភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍ ជម្លោះ​ជាមួយ​ភាគី​ថៃ រដ្ឋបាល​ខេត្ត​បាន​រៀបចំ ផែនការ​រួម​សម្រាប់​ត្រៀម​បង្ការ​ជាយថាហេតុ ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​គ្រប់គ្រង និង​បាន​ដាក់​ចេញ នូវ​សេចក្តីសម្រេច​លេខ ០៣៥/២៥​សសរ ចុះ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៥ ស្តី​ពី​ការ​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច អនុវត្ត​ផែនការ​រួម​សម្រាប់​ត្រៀម​បង្ការ​ជាយថាហេតុ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន និង​មាន​អនុ​គណៈកម្មការ​ចំនួន​៦ ជា​ជំនួយការ​គឺ​ អនុ​គណៈកម្មការ​តាមដាន​សភាពការណ៍​សន្តិសុខ និង​ទីជម្រក​សុវត្ថិភាព​, អនុ​គណៈកម្មការ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​, អនុ​គណៈកម្មការ​ជម្លៀស​ប្រជាពលរដ្ឋ​, អនុ​គណៈកម្មការ​ប្រចាំការ​នៅ​អនុ​វិទ្យាល័យ​ប៉ា​ង​រលឹម​, អនុ​គណកម្មការ​ប្រចាំការ​នៅ​អតីត​វិទ្យាល័យ​សាលា​ក្រៅ​ចាស់ និង​អនុ​គណៈកម្មការ​ផ្គត់ផ្គង់​គ្រឿង​ឧបភោគបរិភោគ និង​ឱសថ ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​ត្រៀម​ទីជម្រក​សុវត្ថិភាព ចំនួន ២​ទីតាំង​គឺ នៅ​អនុ​វិទ្យាល័យ​ប៉ា​ង​រលឹម និង​នៅ​អតីត​វិទ្យាល័យ​សាលា​ក្រៅ​ចាស់ និង​បាន​ត្រៀម​មធ្យោបាយ​រួច​ជា​ស្រេច​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ប្រកាស​អាសន្ន​ ។

ឯកឧត្តម ងួ​ន រតនៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ក្រោយ​ពី​ភាគី​ថៃ​ ធ្វើការ​បាញ់ប្រហា​មក​លើ​ទា​ហ៊ាន​កម្ពុជា​ម្នាក់ បណ្តាល​ឱ្យ​បាត់បង​ជីវិត កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​មុំ​បី កន្លង​ទៅ បាន​បង្ករ​ឱ្យ​មាន​ជម្លោះ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ និង​បន្ត​រីក​រៀលដាល់​ពី ខេត្តព្រះវិហារ ឧត្ត​មាន​ជ័យ មន្ទា​យ​មាន​ជ័យ បាត់ដំបង ពោធិសាត់ កោះកុង និង​ខេត្ត​ប៉ៃលិន ហើយ​បញ្ហា​នេះ​នៅ​តែ​ជា​បញ្ហា​ក្តៅ​នៅឡើយ ក្នុង​នោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​បាន​យកចិត្តទុកដាក់ ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ ពលករ កងកម្លាំងប្រដាប់អាវុធ​នៅ​ជួរ​មុខ និង​ជនភៀសសឹក និង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត នៅ​ជាប់​ព្រំដែន​ទាំងអស់ មើល​លើ​ការងារ​ទាំង​អស់នេះ​ផង​ដែរ ។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​៖ កិច្ចប្រជុំ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់ ដែល​គ្រប់ តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ បាន​មក​ជួបជុំ​គ្នា ដើម្បី​ជួយ​សម្រប​សម្រួលការ​រៀបចំ​ទីតាំង​សុវត្ថិភាព​ជម្រក ស្នាក់​នៅ​បណ្តោះ អាសន្ន ការ​ដឹក​ជញ្ជូន និង​ការ​ដោះស្រាយ​សេវា​សាធារណៈ​ជូន​ជនភៀសសឹក ក្នុង​ន័យ​នេះ ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ចូល រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

សូម​បញ្ជាក់​ថា​៖ ក្រុមការងារ​អចិន្ត្រៃយ៍​ទី​៣ ដើម្បី​សម្រប​សម្រួលការ​រៀបចំ​ទីតាំង​សុវត្ថិភាព ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន ការ​ដឹក​ជញ្ជូន ការ​ដោះស្រាយ​សេវា​សាធារណៈ សុខាភិបាល និង​សន្តិសុខ​សណ្តាប់​ធាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក មាន​ភារ​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត ជាប់​ជាមួយ​ប្រទេស​ជិតខាង ដោយ​ម្ចាស់​ការ​កសាង​ផែនការ​ត្រៀម​ទុកជា​មុន តាម ៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១៖ ការ​ត្រៀមលក្ខណៈ​ទុកជា​មុន (​មុន​ពេល​មាន​ព្រឹត្តិការណ៍​) ដំណាក់កាល​ទី​២៖ ការ​ឆ្លើយ​តប​បន្ទាន់ (​ពេល​ព្រឹត្តិការណ៍​) និង​ដំណាក់កាល​ទី​៣៖ ដំណោះស្រាយ​(​ក្រោយ​ព្រឹត្តិការណ៍​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ