ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-តួកគីយ៉េ នឹងជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារក្នុងពេលអនាគត

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា-តួកគីយ៉េ បានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារក្នុងពេលអនាគត ។ យោងតាមប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ថ្ងៃទី ៣…

រាជធានីភ្នំពេញ ៖ កម្ពុជា-តួកគីយ៉េ បានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារក្នុងពេលអនាគត ។ យោងតាមប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ថ្ងៃទី ៣ ខែវិចិ្ឆកា ឆ្នាំ ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា ។

ប្រភពដដែលឱ្យដឹងថា លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានបង្ហាញនូវសេចក្តីរីករាយ និងស្វាគមន៍គណៈប្រតិភូកម្ពុជា ដែលបានមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា នេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដំបូងបំផុតមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា និងជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ ។

នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋមន្រ្តី និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ ។

លោកជំទាវរដ្ឋមន្រ្តីបានរំលេចនូវវិស័យអាទិភាពចំនួន ៤ ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ។

លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថា នឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េ ទៅកាន់ប្រទេសកម្ពុជា នាដើមឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអង់ការ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាស្ថាប័នដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ