ខេត្តមណ្ឌលគិរី ៖ ព្រឹត្តិការណ៍ប្រណាំងទូកខ្នាតតូច លក្ខណៈប្រពៃណី នៅចំណុចទំនប់អូរប្រង់ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរដ្ឋបាលស្រុកកោះញែក រៀបចំដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៥នេះ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយជាអណេក និងទទួលបានការសារទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
លោក សី ទូច អភិបាលស្រុកកោះញែក បានលើកឡើងថា ក្នុងរយៈពេល ២ថ្ងៃនេះ រដ្ឋបាលស្រុក បានរៀបចំការប្រណាំទូក ខ្នាតតូច ជាលក្ខណៈប្រពៃណី ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាកម្សាន្ត នៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។ ម្យ៉ាងទៀត ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ។
លោក ក៏បានណែនាំដល់បងប្អូនកីឡាករចំណុះទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ ជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ ។
លោក សូមសំណូមពរដល់កីឡាករចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រកួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលស្រុកកោះញែក ក្នុងការរៀបចំពិធីនេះ ឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយ។ លោក បានណែនាំដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ត្រូវចូលរួមសំអាតអនាម័យបរិស្ថានទាំងអស់គ្នា ជាពិសេស ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសឲ្យផុតពីបញ្ហាគ្រឿងញៀន។
នាឱកាសនោះ យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនា ក្នុងពិធីប្រណាំងទូកខ្នាតតូច លក្ខណៈប្រពៃណីនេះ ក៏បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលអាជ្ញាធរស្រុក បានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋមកពីបណ្តាឃុំ ក្នុងស្រុក និងបណ្តាខេត្តនានា បានជួបជុំគ្នា និងបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយផងដែរ ។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកកោះញែក រៀបចំព្រឹត្តិការណ៍ប្រណាំងទូក រយៈពេលពីរថ្ងៃនេះ មានទូកចូលរួមប្រកួតចំនួន ១០ទូក ស្មើនឹង ៥គូរ ក្នុងនោះ ចំណុះ ២០នាក់ ចំនួន ៦ទូក ស្មើនឹង ៣គូរ ទូកចំណុះ ៨នាក់ មានចំនួន ២គូរ ក្នុងនោះចំណាក់ថ្នាក់ជ័យលាភី ទូកមហារិទ្ធជ័យសិទ្ធីមុនីតេជះជំទាវខ្មៅ ចំណុះ ២០នាក់ ឃុំស្រែហ៊ុយ ទទួលបានចំណាក់ថ្នាក់លេខ ១ និងទូករ៉ែថាមពលសែនជ័យលោកតាស្រុះ ចំណុះ ០៨នាក់ ទទួលបានចំណាក់ថ្នាក់លេខ ១ ៕











                        
			         
				
ចែករំលែកព័តមាននេះ