រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសតួកគីយ៉េ មានបំណងចង់នាំចូលផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ហើយសំណើរនេះត្រូវបានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលស្វាគមន៍ និងសន្យាផ្ដល់ជូនព័ត៌មានដល់វិស័យឯកជន និងអ្នកផលិតកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

យោងប្រភពក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី ៣ ខែវិចិ្ឆកា ឆ្នាំ ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla ។ នៅក្នុងជំនួបនោះ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេសតួកគីយ៉េ និងនាំចេញទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា ។

លោកជំទាវរដ្ឋមន្រ្តី  ចម និម្មល បានស្វាគមន៍ចំពោះសំណើររបស់ក្រុមហ៊ុនក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបជូនបន្ថែមអំពីសក្តានុពល និងលក្ខណៈពិសេសរបស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ និងគ្រាប់ស្វាយចន្ទី ដោយនឹងយកសំណើររបស់ក្រុមហ៊ុន ផ្តល់ជូនទៅវិស័យឯកជន អ្នកផលិត និងអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងសិក្សាអំពីលទ្ធភាពក្នុងការនាំចេញមកទីផ្សារប្រទេសតួកគីយ៉េ ។

ក្រសួងពាណិជ្ជកម្ម ឱ្យដឹងទៀតថា ក្រុមហ៊ុន Yayla ជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេ និងច្រើនប្រភេទមួយនៅក្នុងប្រទេសតួកគីយ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ និងមានសមត្ថភាព ផលិតកម្មផលិតផលម្ហូបអាហារប្រមាណ ១លានតោន ក្នុងមួយឆ្នាំ និងមានទីតាំងលក់រាយជាង ៦ម៉ឺនកន្លែងនៅក្នុងប្រទេសតួកគីយ៉េ និងសហភាពអឺរ៉ុប ៕
                        
			         
				
ចែករំលែកព័តមាននេះ