ទីក្រុងសាម៉ាកាន់ ៖ នៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្តង់ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែងសន្ទរកថា អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ដោយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាព តាមរយៈការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ដោយធ្លាប់រងគ្រោះនូវអំពើប្រល័យពូជសាសន៍ និងសង្គ្រាមនាពេលកន្លងមក កម្ពុជាបានដឹងច្បាស់ពីផលវិបាក នៃការបំផ្លិចបំផ្លាញរបស់សង្គ្រាម និងតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាព ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។ នៅក្នុងវិស័យអប់រំ កម្ពុជាផ្តោតសំខាន់លើបំណិនមូលដ្ឋានសម្រាប់ការសិក្សា ការថែទាំកុមារតូច ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការសិក្សាពេញមួយជីវិត និងសមត្ថភាពឌីជីថល ដើម្បីរៀបចំយុវជនឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំ និងជាទំពាំងស្នងឬស្សី ដែលមានគុណភាព ដើម្បីប្រឈមជាមួយនឹងបញ្ហាអាកាសធាតុ និងកសាងសេដ្ឋកិច្ចជាតិនាពេលអនាគត ។
 កម្ពុជាជាប្រទេសសមាជិកមួយ ដែលបានផ្តល់សច្ចាប័នគ្រប់អនុសញ្ញាវប្បធម៌ទាំងអស់របស់អង្គការយូណេស្កូ ដែលឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការការពារ និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈការការពារ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសារមន្ទីរធំៗ និងអ្នកប្រមូលសមុច្ច័យឯកជននានាធ្វើការពិភាក្សា ដើម្បីប្រគល់វត្ថុបុរាណមកកាន់ប្រទេសដើមវិញ។ ការបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងកម្មវិធីសិក្សា ការលើកកម្ពស់តួនាទី និងពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍ត្រូវបានជំរុញឲ្យមានភាពរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ ឧស្សាហកម្មច្នៃប្រឌិតក៏បានចូលរួមចំណែកអភិវឌ្ឍដល់ស្ត្រី យុវជន និងសេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនោះ កម្ពុជាក៏បានពង្រឹងបន្ថែមនូវការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។
កម្ពុជាបានបង្ហាញអំពីសារៈសំខាន់នៃភាពជាដៃគូជាមួយអង្គការយូណេស្កូ ដោយបន្តលើកស្ទួយការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ឲ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ហើយអំពាវនាវឲ្យមានប្រព័ន្ធព័ត៌មានដែលប្រកបដោយតុល្យភាពនិងមានក្រមសីលធម៌ខ្ពស់ ព្រមទាំងការគោរពដល់ភាពចម្រុះគ្នានៃវប្បធម៌ ។
 លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃកន្លងទៅ ដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ បេតិកភណ្ឌវប្បធម៌ពិភពលោក “ប្រាសាទព្រះវិហារ” ។ កម្ពុជាបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការខូចខាត ដែលមិនអាចស្ដារឡើងបាន នូវស្នាដៃវប្បធម៌ដ៏មានគុណតម្លៃ និងកម្រមួយនេះ។ ទន្ទឹមគ្នានឹងនេះដែរ កម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ដែលមានការគាំទ្រ និងសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាសង្ឃឹមយ៉ាងជ្រាលជ្រៅថា បណ្ដាប្រទេសជាសមាជិកអង្គការយូណេស្កូទាំងអស់ នឹងបន្តប្តេជ្ញារួមគ្នាក្នុងការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក ៕




                        
			         
				
ចែករំលែកព័តមាននេះ