ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គេសង្កេតឃើញភ្ញៀវទេសចរនៅក្នុងតំបន់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលបាននាំគ្នាធ្វើដំណើរមកពីបណ្តាខេត្តនានាចូលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិនច្រើនគួរឱ្យកត់សម្គាល់ ខណៈដែលប្រជាពលរដ្ឋក៏ដូចជា អាជីវករលក់ដូរនៅតាមកន្លែងកម្សាន្តនីមួយៗមមាញឹកក្នុងការលក់ឱ្យភ្ញៀវស្ទើរតែមិនទាន់ ។

ប្រភពព័ត៌មានពីភ្ញៀវទេសចរណ៍ម្នាក់ ឈ្មោះ វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង បានប្រាប់ឱ្យភ្នាក់ងារសារព័ត៌មានកោះសន្តិភាពថា ៖ នាឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៥នេះ ពួកគាត់បាននាំគ្នាធ្វើដំណើរចូលមកលេងកម្សាន្តក្នុងខេត្តត្បូងពេជ្រ ជាលក្ខណៈគ្រួសារ ដោយបើកបររថយន្តចេញពីផ្ទះនាពេលរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ដោយមកជួលស្នាក់នៅក្នុងសណ្ឋាគារប៉ៃលិនក្នុងក្រុងប៉ៃលិន១យប់ រហូតដល់ពេលព្រឹក ទើបពួកគាត់បានធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ (អូរតាវ៉ៅ) ហើយក៏នាំគ្នាបន្តទៅលេងរមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ ដោយនៅទីនោះ អ្នកខ្លះនាំគ្នាចុះងូតទឹកលេងនៅក្នុងអូរដែលធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់ភាពតានតឹង និងទុក្ខកង្វល់ផ្សេងៗ។

លោកបន្តទៀតថា នៅពេលទទួលទានអាហារថ្ងៃត្រង់ ពួកគាត់បានកុម្មង់បាយ និងម្ហូបនៅក្នុងរមណីយដ្ឋានតែម្តង ដោយមានម្ហូបល្បីប្រចាំខេត្តប៉ៃលិន គឺឆាដើមក្រវ៉ាញជាមួយសាច់ជ្រូក សាច់មាន់ សាច់ទា ដែលជាបន្លែដ៏មានឱជារសឈ្ងុយប្រហើរគួរឱ្យចង់ទទួលទានម្តងហើយ លើកក្រោយទិញទទួលទានម្តងទៀត ។

លោកបានបញ្ជាក់ទៀតថា ការធ្វើដំណើរមកលេងខេត្តប៉ៃលិននេះ គឺពួកគាត់នាំគ្នាធ្វើដំណើរជាលក្ខណៈក្រុមគ្រួសារ ដោយធ្វើការស្នាក់នៅក្នុងសណ្ឋាគាររយៈពេល២ ទៅ៣យប់ ។ បន្ទាប់ពីដើរលេងកម្សាន្តនៅគ្រប់កន្លែងរួចរាល់ហើយ នឹងនាំប្រពន្ធកូនវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដើម្បីបន្តប្រកបមុខរបរចិញ្ចឹមជីវិតសារថ្មី ។
ចំណែកលោក លីម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងដែរថា នាឱកាសថ្ងៃឈប់សម្រាករបស់ប្រជាពលរដ្ឋ ដែលជាថ្ងៃបុណ្យនេះចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅទូទាំងខេត្តប៉ៃលិន ក្នុងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺមានភ្ញៀវទេសចរជាតិ មានចំនួន៣០,៦៤៣នាក់ រីឯភ្ញៀវទេសចរអន្តរជាតិមានចំនួន១៧៥នាក់ ។

លោកបន្តទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន៣០,៨១៨នាក់។ លោកក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមភូមិ និងអ្នកដែលរស់នៅក្បែរកន្លែងកម្សាន្តនានាទូទាំងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជាប់ជានិច្ច ដើម្បីងាយស្រួលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន កាន់តែច្រើនឡើងៗ ដែលអាចបង្កឱ្យការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន កាន់តែដាច់ និងទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។
ជាពិសេសការរៀបចំភ្លើងអគ្គិសនាបំភ្លឺនាពេលយប់ របស់រដ្ឋបាលខេត្តប៉ៃលិន គឺបញ្ចេញរស្មីយ៉ាងត្រចះត្រចង់គួរឱ្យចង់គយគន់ ដែលធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវនាពេលយប់មិនខ្លាចអ្វីឡើយ៕



ចែករំលែកព័តមាននេះ