ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ​ប្រទេស​ធំ​ៗ​បាន​បន្ត​យកចិត្តទុកដាក់​លើ​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​-​ថៃ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រទេស​ធំ​ៗ​បាន​បន្ត​យកចិត្តទុកដាក់​របស់​បណ្តា​ប្រទេស​ធំ​ៗ​លើ​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​-​ថៃ​។​នេះ​បើ​តាម​បញ្ជាក់​ថា​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាននា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦​ថា​ការ​បន្ត​យកចិត្តទុកដាក់​របស់​បណ្តា​ប្រទេស​ធំ​ៗ​លើ​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​-​ថៃ​មានរដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ជា​ពិសេស​ឯកឧត្តម​ប្រធានាធិបតី Donald…

រាជធានី​ភ្នំពេញ​៖ ប្រទេស​ធំ​ៗ​បាន​បន្ត​យកចិត្តទុកដាក់​របស់​បណ្តា​ប្រទេស​ធំ​ៗ​លើ​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​-​ថៃ​។​នេះ​បើ​តាម​បញ្ជាក់​ថា​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន
នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦​ថា​ការ​បន្ត​យកចិត្តទុកដាក់​របស់​បណ្តា​ប្រទេស​ធំ​ៗ​លើ​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​-​ថៃ​មានរដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ជា​ពិសេស​ឯកឧត្តម​ប្រធានាធិបតី Donald Trump នៅ​តែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​។ នេះ​បើ​តាម​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ឯកឧត្តម Michael George DeSombre ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​បាន​ជម្រាប​ជូន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ឱកាស​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិ​បតី កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព​។

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក បាន​គូសបញ្ជាក់​ទៀត​ថា សហរដ្ឋ​អាម៉េរិក​បន្ត​ជំរុញ​ការ​រក្សា​បទ​ឈប់​បាញ់​និង​ចង់​ឃើញ​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និង​ថៃ និង​បាន​ប្រកាស​ថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​ចំនួន​១៥​លាន​ដុល្លារ​សម្រាប់​ការ​គាំទ្រ​ដល់​ជនភៀសសឹក​នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​១០​លាន​ដុល្លារ​ផ្សេង​ទៀត សម្រាប់​ការ​ដោះ​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​។

សម្តេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald Trump ក៏​ដូច​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ដែល​បាន​សម្របសម្រួល​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ហើយ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ការ​កសាង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ក៏​ដូច​ជា​ការ​ផ្តល់​ជំនួយ​ដើម្បី​ស្តារ​ជីវភាព​ជនភៀសសឹក និង​គាំទ្រ​កិច្ច​ប្រឹងប្រែង​ចំពោះ​ការ​ដោះ​មីន​មនុស្សធម៌​។ សម្តេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​តែង​ផ្តល់​តម្លៃ​ដល់​សន្តិភាព និង​ប្រកាន់ខ្ជាប់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​។

សម្តេច​បវរ​ធិ​បតី​សង្ឃឹមថា សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ជំរុញ​ភាគី​ទាំង​ពីរ​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជា​ពិសេស​ការ​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ដោយ​សុវត្ថិភាព ដោយ​គា្ម​ន​ការ​រារាំង និង​ការ​បន្ត​ឡើង​វិញ​នូវ​ការងារ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​ក្នុង​ការ​ចុះ​វាស់វែង​និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និង​ថៃ​។

សម្តេច​បវរ​ធិ​បតី និង​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក និង​បាន​ឯកភាព​បន្ត​ជំរុញ​វិធានការ​ជាក់លាក់​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ការពារ​ជាតិ​និង​សនិ្ត​សុខ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ការ​អនុវត្ត​ច្បាប់ រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ឯកឧត្តម DeSombre ក៏​បាន​ប្រកាស​ថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​១០​លាន​ដុល្លារ​ផ្សេង​ទៀត សម្រាប់​ការ​កសាង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​បទ​ឈប់​បាញ់​និង​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​-​ថៃ ផង​ដែរ​។

សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ជ្រាប​ដែរ​ថា តាម​រយៈ​នយោបាយ​ការទូត​ដ៏​សកម្ម ត្រឹមត្រូវ និង​សន្តិភាព​និយម​របស់​រាជរដ្ឋាភិបាល​កម្ពុជា បណ្តា​ប្រទេស​ជា​មិត្ត​ជា​ពិសេស​ប្រទេស​មហាអំណាច​បាន​ចាប់អារម្មណ៍​មក​លើ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​បាន​ជួយ​ជ្រោមជ្រែង​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​ចំនួន​ពីរ​លើក​។

លើក​ទី​១ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​ការ​ផ្តួចផ្តើម​ពី​ឯកឧត្តម Donald J.Trump ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង​ការ​សម្របសម្រួល​ពី​ឯកឧត្តម Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

បន្ទាប់​មក ក្រោម​ការ​ជំរុញ​របស់​ប្រធានាធិបតី Donald Trump ក៏​មានការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​ទីក្រុង​កូ​ឡា​ឡំ​ពួរ ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ក្រសែភ្នែក​ជា​សាក្សី​របស់​ឯកឧត្តម​ប្រធានាធិបតី​ដោយ​ផ្ទាល់ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ម៉ា​ឡេ​ស៊ី ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​។

បទ​ឈប់​បាញ់​លើក​ទី​២ កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក្រោម​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​ពី​បណ្តា​ប្រទេស​ជា​មិត្ត ជា​ពិសេស​សហរដ្ឋ​អាម៉េរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ម៉ា​ឡេ​ស៊ីក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន តាម​រយៈ​ជំនួប​តាម​ទូរស័ព្ទ​ផង និង​ការ​បញ្ជូន​ប្រេសិត​ពិសេស​មក​កាន់​កម្ពុជា​និង​ថៃ​ដើម្បី​សម្របសម្រួល​ដោយ​ផ្ទាល់​ផង ក៏​ដូច​ជាតា​មរយៈ​បណ្តាញ​ទំនាក់ទំនង​ផ្សេង​ៗ​ទៀត​។

កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ក៏​មាន​កិច្ចប្រជុំ​ត្រីភាគី​នៃ​រដ្ឋមន្ត្រី​ការ​បរទេស​និង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ថៃ និង​ចិន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​យូ​ណា​ន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចប្រជុំ​បាន​គូសបញ្ជាក់​ថា អាទិភាព​ជា​បន្ទាន់​គឺ​ការ​ធានា​ឱ្យ​បាន​រឹង​មាំ​នូវ​បទ​ឈប់​បាញ់ និង​ការ​ធានា​នូវ​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ឈាន​ទៅ​រក​សន្តិភាព​ចីរកាល​។

សរុប​មក​វិញ កម្ពុជា​ជា​ប្រទេស​តូច​មែន​តែ​មាន​ថ្នាក់ដឹកនាំ​ស្រឡាញ់​សន្តិភាព និង​ចង់​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ និង​មាន​ប្រជាជន​ចេះ​រួម​សាមគ្គី​គ្នា​យ៉ាង​រឹង​មាំ​នៅ​ពីក្រោយ​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។ នេះ​គឺជា​ហេតុផល​ដែល​សហគមន៍​អន្តរជាតិ​ស្ថិត​នៅ​ជាមួយ​កម្ពុជា​និង​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា ហើយ​នេះ​គឺជា​កត្តា​ធានា​យ៉ាង​កក់ក្តៅ​ក្នុង​ជំហាន​ឆ្ពោះទៅ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី​និង​ដោយ​យុត្តិធម៌ ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ដូចដែល​បាន​ព្រមព្រៀង​គ្នា​ត្រង់​ចំណុច​ទី​៣ នៃ​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា កម្ពុជា​គោរព​និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​បាន​ធ្វើ​កាលពី​ពេល​កន្លង​មក​។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ