រាជធានីភ្នំពេញ ៖ ក្មេងៗ១ក្រុមបាននាំគ្នាទៅបង្ហោះខ្លែងលេងនៅក្នុងដីឡូត៌ទំនេរមួយកន្លែង ហើយខណៈទៅដោះខ្សែខ្លែងដែលទាក់មែកឈើ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងគុម្ពោធព្រៃក្បែររបងដីឡូត៎នោះ ក៏បាននាំគ្នរត់ទៅប្រាប់ចាស់ៗក្នុងភូមិឲ្យទៅមើល រួចរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅក្នុងដីឡូត៍មួយកន្លែងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ ឬទីកន្លែងស្នាក់នៅនោះទេ ជនរងគ្រោះមានមាឌធំពាក់អាវពណ៍ខ្មៅដៃវែង និងស្លៀកពណ៍ខ្មៅជេីងវែង ហើយតាមការប៉ាន់ស្មានមានអាយុប្រហែលជាង៤០ឆ្នាំ ។
សពមានស្នាមរបួសបែកក្បាលហូរឈាមពេញផ្ទៃមុខ ហើយនៅចំងាយប្រមាណ១៥ម៉ែត្រពីសាកសព ក៏មានដុំថ្ម១ដុំ និងនៅជិតដុំថ្មមានឈាម ព្រមទាំងមានស្នាមអូសសពចេញពីកន្លែងដុំថ្មទៅក្នុងគុម្ពោធព្រៃក្បែរផងដែរ ដែលជំហានដំបូងត្រូវបានសង្ស័យថាជាអំពើឃាតកម្មវាយសម្លាប់ ។
អ្នកភូមិទួលពង្របាននិយាយថា នៅវេលាព្រឹកកើតហេតុនោះមានក្មេងៗ១ក្រុមបានទៅបង្ហោះខ្លែងលេងនៅក្នុងដីឡូត៌ទំនេរមួយនោះ ព្រោះដីឡូត៌នោះធំទូលាយងាយស្រួលលេងខ្លែង ខណៈនោះខ្សែខ្លែងបានទាក់ជាមួយមែកឈើ ។
ហើយខណៈដែលក្មេងទៅដោះខ្សែខ្លែងចេញពីមែកឈើ ក៏ស្រាប់តែប្រទះឃើញសពបុរសរូបនោះដេកស្លាប់ផ្ងារពោះ ដោយមានស្នាមបែកក្បាលនិងមានឈាមពេញផ្ទៃមុខ ទើបក្មេងៗក៏រត់ទៅប្រាប់ពួកគាត់ឲ្យពួកគាត់បានដឹង ។
អ្នកភូមិដដែលបាននិយាយបន្តទៀតថា បន្ទាប់ពីក្មេងរត់ទៅប្រាប់ទាំងត្រហេបត្រហបបែបនេះពួកគាត់ក៏បានហៅគ្នីគ្នាទៅមើលសាកសពខាងលើក្រែងបានស្គាល់ ឬក្រែងជាអ្នកស្រុកភូមិជាមួយគ្នា ឬក៏ជាសាច់ញាតិពួកគាត់ ។ ប៉ុន្តែពេលទៅដល់ទើបដឹងថា គ្រាន់តែធ្លាប់ឃើញបុរសនេះទៅអង្គុយផឹកស្រានៅលើបង់១ស្ថិតនៅក្នុងដីឡូត៌កើតហេតុនោះជាញឹកញាប់ តែមិនបានស្គាល់អត្តសញ្ញាណឡើយ ។ បន្ទាប់មកទៀត ពួកគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឲ្យចុះទៅពិនិត្យជាក់ស្ដែង និងធ្វើការស្រវជ្រាវតាមជំនាញ ។
ក្រោយពេលទទួលដំណឹងអំពីការប្រទះឃើញសាកសពបុរសខាងលើនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅចងខ្សែហ៊ុមព័ទ្ធទីតាំងកើតហេតុភ្លាមៗ មិនឲ្យមានការចូលទៅជិតឡើយ ដើម្បីការពារភស្តុងនានាដែលមានស្ថិតនៅជុំវិញកន្លែងកើតហេតុនោះងាយស្រួលក្នុងការស្រាវជ្រាវ ។ ក្រោយពេលចងខ្សែរួចរាល នគរបាលខាងលើបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ ៕










ចែករំលែកព័តមាននេះ