សហរដ្ឋអាមេរិក ៖ យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសថា ខ្លួនបានវាយប្រហារជាច្រើនលើកនៅក្នុងប្រទេសស៊ីរី ដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដែលជាផ្នែកមួយនៃប្រតិបត្តិការ ដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនៅក្នុងខែធ្នូកន្លងទៅ បន្ទាប់ពីការវាយប្រហារលើបណ្តាបុគ្គលិកយោធាអាមេរិក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

ប្រភពដដែលបានបន្តថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការថ្មើរជើងនៅក្នុងប្រទេសស៊ីរី ដោយកំណត់គោលដៅទៅលើជនសង្ស័យនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជារឿយៗមានការចូលរួមពីកងកម្លាំងសន្តិសុខស៊ីរី។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារនៅថ្ងៃនេះ (ថ្ងៃទី១០ ខែមករា) បានកំណត់គោលដៅលើក្រុម ISIS នៅទូទាំងប្រទេសស៊ីរី»។ ដោយបន្ថែមថា ការវាយប្រហារបានធ្វើឡើងនៅពេលរសៀល ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនបានរាយការណ៍ថា តើមាននរណាម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះទេ។
ជាមួយគ្នានោះដែរ មន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតបន្ថែមទេ។ ស្របពេលក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយផងដែរ។
ការវាយប្រហារនៅថ្ងៃទី១០ ខែមករា គឺជាផ្នែកមួយនៃប្រតិបត្តិការដែលបានចាប់ផ្តើមរួចមកហើយតាំងពីចុងឆ្នាំ ២០២៥ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានសម្លាប់បណ្តាបុគ្គលិកយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី។ យោធាអាមេរិកបានបញ្ជាក់ថា ទាហានអាមេរិក ២នាក់ និងអ្នកបកប្រែស៊ីវិលម្នាក់ត្រូវបានសម្លាប់ក្នុងឧប្បត្តិហេតុកើតឡើងកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលទាហានអាមេរិកប្រហែល ១ ០០០ នាក់ នៅតែស្ថិតក្នុងប្រទេសស៊ីរីនៅឡើយ។
រដ្ឋាភិបាលស៊ីរីដឹកនាំដោយអតីតពួកឧទ្ទាមដែលបានផ្តួលរំលំអតីតប្រធានាធិបតី លោក បាសារ អាល់អាសាដ (Bashar al-Assad) ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំ ហើយរួមបញ្ចូលទាំងសមាជិកនៃក្រុមអាល់កៃដាចាស់របស់ស៊ីរី ដែលបានបែកបាក់ជាមួយក្រុមនេះ ហើយនប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
ប្រទេសស៊ីរីបានសហការជាមួយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយឈានដល់កិច្ចព្រមព្រៀងមួយ កាលពីចុងឆ្នាំ ២០២៥ នៅពេលលោកប្រធានាធិបតី អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) បានធ្វើទស្សនកិច្ចនៅសេតវិមាន៕
ចែករំលែកព័តមាននេះ