ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃឈ្លានពាន បានទាមទារឲ្យអាជ្ញាធរកម្ពុជាជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យមកដល់ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែតុលា ២០២៥ថា កម្ពុជាមិនធ្វើតាមការចង់បានរបស់ថៃនោះទេ ។ ពេលនេះស្ថានការណ៍ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យមានសភាពស្ងប់ស្ងាត់ធម្មតា ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មេទ័ពភូមិភាគទី១របស់ថៃ បានផ្ញើលិខិតមកកាន់យោធភូមិភាគទី៥ របស់កម្ពុជាដើម្បីទាមទារឲ្យកម្ពុជាបង្ហាញផែនការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លិខិតដដែលនោះ ភាគីថៃថែមទាំងបានគំរាមពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) ប្រសិនបើគ្មានរបៀបវារៈស្តីពីការជម្លៀសប្រជាជនខ្មែរចេញពីភូមិទាំងពីរនោះទេ ។
ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកយោធភូមិភាគីទី៥កម្ពុជា តាមរយៈលិខិតមួយច្បាប់បានបញ្ជាក់ប្រាប់មេបញ្ជាការកងទ័ពយោធភូមិភាគទី១ថៃថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ (RBC) ពុំមានសមត្ថកិច្ចអាចកំណត់ខ្សែព្រំដែនបានឡើយ រាប់ទាំងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យបានប្រាប់ថា៖ ស្ថានភាពនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ថ្ងៃនេះមានសភាពធម្មតា ហើយឃើញប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលមកពិនិត្យ និងតាមដានសភាពការណ៍ក្រោយភាគីថៃបានដាក់ឱសាវាទឱ្យប្រជាពលរដ្ឋកម្ពុជាស្ថិតភូមិជោគជ័យនិងភូមិព្រៃចាន់ឱ្យរុះរើ និងចាកចេញពីលំនៅឋាន ។

លោកបានបញ្ជាក់ថា ភាគីថៃបានដាក់ឱសាវាទ ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែតុលា ឆ្នាំ២០២៥ឱ្យប្រជាពលរដ្ឋកម្ពុជារុះរើ និងចាកចេញពីលំនៅឋាន បើមិនចាកចេញទេ គេគំរាមថា នឹងប្រើប្រាស់កម្លាំងចាត់ការលើពលរដ្ឋកម្ពុជា តែអាជ្ញាធរខេត្តបន្ទាយមានជ័យ និងយោធភូមិភាគទី៥ បានឆ្លើយតបទៅភាគីថៃថា គ្មានសិទ្ធិប្រើប្រាស់កម្លាំងយោធាមកលើពលរដ្ឋស៊ីវិលកម្ពុជាបានឡើយ ។ លោកថា ព្រោះពលរដ្ឋកម្ពុជារស់នៅលើអធិបតេយ្យភាពកម្ពុជា រស់នៅតកូនតចៅរាប់ឆ្នាំមានផ្ទះសម្បែង និងអាស្រ័យផលធ្វើស្រែនិងចម្ការដាំដំឡូងមី និងដាំអំពៅ ៕



ចែករំលែកព័តមាននេះ