រាជធានីភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងរៀបចំអំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។
យោងតាមព័ត៌មានពីយោធភូមិភាគទី៤បានឱ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) យោធភូមិភាគទី៤ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតអញ្ជើញប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ និងសមាជិកចំនួន១០រូប ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ សំដៅធានាបាននូវដំណើរការនៃកិច្ចប្រជុំខាងមុខប្រកបដោយភាពរីកចម្រើន ស្ថាបនា និងទទួលបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ គឺជាការអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់ រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕
ចែករំលែកព័តមាននេះ