ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងថាចាប់ពីដើមឆ្នាំ២០២៥រហូតមកដល់ពេលនេះ កងទ័ពរុស្ស៊ីវាយយកបានទឹកដីអ៊ុយក្រែនជិត៥ពាន់គីឡូម៉ែត្រការ៉េថែមទៀត។ លោកថារុស្ស៊ីកាន់កាប់តំបន់សំខាន់ៗជាយុទ្ធសាស្ត្រទាំងអស់។ បើដូច្នេះមែនមានន័យថារុស្ស៊ីវាយយកបានជិត១%ថែមទៀតបន្ថែមពីលើទឹកដីដែលវាយយកបានកាលពីមុនឆ្នាំ២០២៥។ ថ្លែងនៅចំពោះមុខមេបញ្ជាការកំពូលៗរបស់លោកចំថ្ងៃខួបកំណើត៧៣ឆ្នាំ លោកពូទីនថាកងទ័ពអ៊ុយក្រែនត្រូវតែបង្ខំចិត្តដកថយនៅគ្រប់សមរភូមិ។ ទោះបីពួកគេព្យាយាមវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី ប៉ុន្តែមិនអាចកែប្រែសភាពការណ៍ដែលកើតឡើងរយៈពេលជាងបីឆ្នាំកន្លះបានឡើយ។
សម្រាប់ពេលនេះ បើតាមលោកពូទីននិយាយនៅក្នុងអង្គប្រជុំនោះ ទាហានរុស្ស៊ីគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រអស់ហើយ។ ឆ្នាំនេះ យើងរំដោះបានទឹកដីជិត៥ពាន់គីឡូម៉ែត្រ និងទីតាំង២១២កន្លែង។ កងទ័ពអ៊ុយក្រែនបន្តដកថយពីសមរភូមិមុខ។ ទោះបីពួកគេព្យាយាមទប់ទល់យ៉ាងណាក៏ទប់មិនជាប់ដែរ។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាទាហានរបស់ខ្លួនទើបតែវាយយកបានភូមិចំនួន២ទៀត។ ឥឡូវនេះ ខ្សែត្រៀមមុខបានលាតសន្ធឹងបន្ថែមទៀតរហូតដល់ចម្ងាយសរុប១២៥០គីឡូម៉ែត្រ។
បើគេស្ដាប់ពីខាងអ៊ុយក្រែនវិញម្ដង យោធាអ៊ុយក្រែនកាលពីខែសីហាចាត់ទុកយុទ្ធនាការវាយលុករបស់រុស្ស៊ីទទួលបរាជ័យព្រោះពួកគេ (រុស្ស៊ី) មិនអាចវាយយកបានទីក្រុងសំខាន់ណាមួយពីអ៊ុយក្រែនបានឡើយ។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនថាខ្លួនវាយយកបានមកវិញនូវទឹកដីមួយចំនួននៅតំបន់ដូញែត ជាពិសេសតំបន់ខ្សែក្រវាត់ក្រុងដូប្រូភីលា (Dobropillia) ស្ថិតនៅក្បែរទីក្រុងផូករ៉ូស (Pokrovsk) ដែលផូករ៉ូសជាទីតាំងយុទ្ធសាស្ត្រសំខាន់សម្រាប់ការដឹកជញ្ជូនភស្តុភារ។
លោកហ្សេឡិនស្គីថ្លែងថាកងទ័ពអ៊ុយក្រែនក៏វាយយកបានទឹកដីមួយចំនួនត្រឡប់មកវិញនៅតំបន់ស៊ូមី (Sumy) ផងដែរ។ នៅក្នុងអង្គប្រជុំជាមួយលោកពូទីននោះ នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ឧត្ដមសេនីយ៍វ៉ាល់ឡេរី ហ្គេរ៉ាស៊ីម៉ូស (Valery Gerasimov) ទទួលស្គាល់ថាកងទ័ពរុស្ស៊ីកំពុងវាយទៅមុខនៅគ្រប់ទិសដៅសមរភូមិទាំងអស់។ ទោះបីវាយទៅមុខដោយសន្សឹមៗ ឬដោយឆាប់រហ័សគឺដឹងតែទៅមុខជានិច្ច។ លោកថ្លែងបន្តទៀតថាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតកំពុងកើតមាននៅទីក្រុងផូករ៉ូស និងតំបន់ឆ្ពោះទៅតំបន់ឌីនីប្រូប៉េត្រូស (Dnipropetrovsk)។
ផែនការបង្កើតតំបន់ទ្រនាប់នៅស៊ូមី និងខាគីវត្រូវកងទ័ពរុស្ស៊ីចាប់ផ្ដើមពង្រឹងជាបណ្ដើរៗហើយ។ នៅក្នុងពិធីខួបកំណើតនោះ លោកពូទីនបញ្ជាក់ជាថ្មីថារុស្ស៊ីនៅតែប្រកាន់ជំហរដដែលពាក់ព័ន្ធនឹងលក្ខខណ្ឌនានាដែលនាំឱ្យលោកបើកប្រតិបត្តិការសឹកពិសេសនេះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នោះគឺការធ្វើឱ្យអ៊ុយក្រែនជាប្រទេសគ្មានកងទ័ព និងគ្មានការដឹកនាំដោយរដ្ឋាភិបាលណាហ្ស៊ី (Nazi)៕
ចែករំលែកព័តមាននេះ