ខេត្តមណ្ឌលគិរី ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី សហការជាមួយមន្ត្រីជំនាញ និងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមួយកន្លែង (ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង) ស្ថិតក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ បានឈានទៅដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងឃាត់ខ្លួនមនុស្សបានរាប់រយនាក់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ដំបូងឡើយ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកពលរដ្ឋខ្លួន។ ប៉ុន្តែនៅពេលចុះអនុវត្តជាក់ស្តែង សមត្ថកិច្ចបានរកឃើញការជួបជុំស្នាក់នៅរបស់ជនបរទេសយ៉ាងច្រើនខុសប្រក្រតី ទើបឈានដល់ការឆែកឆេរពេញលេញ។ ជាលទ្ធផល អាជ្ញាធរបានរកឃើញ ជនបរទេសសរុប ២៦២ នាក់ (ស្រី ៤៧ នាក់) មាន ៩ សញ្ជាតិ។ ក្នុងនោះមានជនជាតិចិន ១៣៥ នាក់, ថៃ ៥៨ នាក់, ឥណ្ឌា ៣០ នាក់, មីយ៉ាន់ម៉ា ២២ នាក់ និងសញ្ជាតិផ្សេងៗទៀតដូចជា នេប៉ាល់ ប៉ាគីស្ថាន រ៉វ៉ាន់ដា ប៊ូរ៉ុនឌី និងហ្វីលីពីន។
សេចក្តីរាយការណ៍បន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤២០ គ្រឿង និងទូរសព្ទដៃចំនួន ១,៤៥០ គ្រឿង ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពល្មើស។
តាមការស៊ើបអង្កេត ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកជនរងគ្រោះតាមពីររូបភាពធំៗ គោលដៅប្រទេសថៃ ប្រើរូបភាពក្លែងបន្លំលក់ទំនិញតាមអនឡាញ។ពួកគេមានគោលដៅប្រើរូបភាពក្លែងបន្លំការវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto)។
ដោយឡែក ជនជាតិថៃដែលត្រូវបានឃាត់ខ្លួនបានបំភ្លឺថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ (២០,០០០ ដល់ ៤០,០០០ បាត) ប៉ុន្តែនៅពេលមកដល់ បែរជាត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមអនឡាញទៅវិញ។
បច្ចុប្បន្ន មេខ្លោងចំនួន ៣ នាក់ (ចិន ២ នាក់ និងមីយ៉ាន់ម៉ា ១ នាក់) រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមច្បាប់។ ចំណែកជនបរទេស ២៥៩ នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានសង្កត់ធ្ងន់ថា កម្ពុជាបានដាក់ចេញនូវ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»*ដែលទើបចូលជាធរមាននៅថ្ងៃទី០៧ មេសា ២០២៦ នេះ។ ច្បាប់ថ្មីនេះមានទោសទណ្ឌធ្ងន់ធ្ងរ រហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទល្មើសចំនួន ៥ រួមមាន ការបង្កើតមជ្ឈមណ្ឌលឆបោក ការជ្រើសរើសមនុស្សមកធ្វើការឆបោក និងការសម្អាតប្រាក់ជាដើម។
អាជ្ញាធរ ក៏បានក្រើនរំលឹកដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងជួលទីតាំង ដើម្បីជៀសវាងការធ្លាក់ខ្លួនចូលរួមចំណែកក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដែលប៉ះពាល់ដល់សន្តិសុខសង្គម និងមុខមាត់ប្រទេសជាតិ៕







ចែករំលែកព័តមាននេះ