ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញពីថៃ

45 វិនាទី មុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញពីថៃ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីមានមន្ត្រីមានតួនាទីជាស្នងការ…

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញពីថៃ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីមានមន្ត្រីមានតួនាទីជាស្នងការ និងងារជាឧកញ៉ា បាននាំចូលទំនិញពីថៃនៅពេលប្រជាជនខ្មែរស្ទើរពេញមួយប្រទេសធ្វើពហិការមិនប្រើរបស់ថៃ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖”
ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ”។

សម្តេចតេជោ ក៏បានលើកឡើងថានេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៊ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។

ពាក់ព័ន្ធករណីនេះសម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសង្កត់ធ្ងន់ថា៖”ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ”។

សំណេរលើបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖”ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)” ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ