រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានអំពាវនាវឲ្យរាជរដ្ឋាភិបាលថៃ ត្រូវធ្វើការចាត់វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួនមកលើថ្នាក់ដឹកនាំកម្ពុជា ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៨ ខែ
តុលា ឆ្នាំ២០២៥ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើទុរយស អសីលធម៌ ថោកទាប គ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃមួយចំនួន ដែលបានវាយប្រហារមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកម្ពុជាមួយចំនួនទៀតនាពេលថ្មីៗនេះ។
ថ្លែងការណ៍បញ្ជាក់ថា «អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ គុណតម្លៃនៃស្មារតីមិត្តភាព ការ គោរពគ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមានរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុង នាមជាអ្នកជិតខាង និងជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ» ។
រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ជារដ្ឋបុរស មានភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់មនុស្សជាតិ តាមរយៈការដោះស្រាយបញ្ហា ដោយស្មារតីបង្រួបបង្រួម យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះគ្រប់ជាតិសាសន៍ទាំងអស់ ។
ប្រភពបានលើកឡើងថា ទោះបីជាសម្តេចតេជោទទួលរងនូវការប្រមាថដោយចេតនា និងគ្មានសីលធម៌បែបនេះក្តី សម្តេចតេជោបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ឆ្លើយតបដោយភាពថ្លៃថ្នូរ ប្រកាន់ខ្ជាប់ស្មារតី ឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់ ហើយបន្ត
លើកកម្ពស់ការពង្រឹងអធិបតេយ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ តាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិ និងការកសាងភាពធុននៃសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ។
រដ្ឋសភាកម្ពុជាបានពិនិត្យឃើញថា អំពើអសីលធម៌ និងការប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាពី សំណាក់ជនទុរយសថៃមួយចំនួននេះ បានបន្តប្រព្រឹត្តឡើងដោយចំហរ ដោយគ្មានវិធានការ និងចំណាត់ការអ្វីទាំងអស់។
រដ្ឋសភាកម្ពុជាសូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាត់វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌ទាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង នាមជាប្រទេសមួយមានអរិយធម៌ និងភាពថ្លៃថ្នូរ។
រដ្ឋសភាកម្ពុជា សូមគូសបញ្ជាក់សារជាថ្មីថា មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃ នៃ ការយោគយល់គ្នា ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ ដើម្បីទ្រទ្រង់សន្តិភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមមេត្តាអត់ធ្មត់ជា អតិបរមា រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឈានទៅដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង និងវិបុលភាពជាតិរបស់យើង ៕
ចែករំលែកព័តមាននេះ