ប្រទេសអេក្វាទ័រ ៖ រដ្ឋាភិបាលអេក្វាទ័រ ថ្លែងកាលពីថ្ងៃទី៧ តុលា ថា បានដាក់បណ្ដឹងពីបទឧក្រិដ្ឋ ចំពោះការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីលោកដានីញ៉ែលណូបូអា ពេលលោកមកបំពេញទស្សនកិច្ចនៅខេត្តកាណា ភាគខាងត្បូងប្រទេស ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលអេក្វាទ័រ លោកស្រីអ៊ីន នេម៉ានហ្សាណូ ថ្លែងថា ក្បួនរថយន្តរបស់ប្រធានាធិបតីរងការវាយប្រហារ កាលពីថ្ងៃទី៧ តុលា នៅទីក្រុងអែលតាមបូ ពេលលោកកំពុងធ្វើដំណើរទៅកាន់ស្តាតមួយ ដើម្បីលើកពីការបើកការងារសាងសង់សាធារណៈថ្មីៗ។
លោកស្រីអ៊ីននេម៉ានហ្សាណូ ថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា មនុស្សប្រមាណជា៥០០នាក់ ពេលក្បួនរថយន្តកំពុងថ្វើដំណើរស្រាប់តែលេចមុខ ហើយចាប់ផ្ដើមគប់ដុំថ្មលើក្បួនរថយន្តប្រធានាធិបតី។

ម្យ៉ាងវិញទៀតក៏មានស្នាមគ្រាប់កាំភ្លើងបាញ់ត្រូវរថយន្តប្រធានាធិបតីផងដែរតែ លោកគេចផុតពីគ្រោះថ្នាក់។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ៥នាក់ ដែលពួកគេនឹងត្រូវកាត់ទោសពីបទភេរវកម្ម។ រថយន្តច្រើនគ្រឿងក្នុងក្បួនរថយន្តប្រធានាធិបតីរងការខូចខាត។
វិមានប្រធានាធិបតីបានចោទប្រកាន់ពួកអ្នកវាយប្រហារថា ប៉ុនប៉ងរារាំងការបើកការដ្ឋានសាងសង់នៃគម្រោងសហគមន៍មួយ។ ឧប្បត្តិហេតុនោះកើតមានក្នុងថ្ងៃទី១៦នៃបាតុកម្មជាតិរបស់សហគមន៍ជនជាតិដើម ប្រឆាំងការសម្រេចកាលពីថ្ងៃទី១២កញ្ញារបស់រដ្ឋាភិបាល បញ្ចប់របបឧបត្ថម្ភប្រេងម៉ាស៊ូត ជាវិធានការមួយដែលនាំឲ្យតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ ញាំុងឲ្យមានចលាចលទូទៅក្នុងប្រទេស៕
ចែករំលែកព័តមាននេះ