ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ និង​ឥណ្ឌា​ឯក​ភាព​សហ​ការ​គ្នា​ជា​ជាង​ប្រកួត​ប្រជែង​យក​ស្លា.ប់-​រស់

5 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ចិន និង​ឥណ្ឌា​កំពុង​តែ​បោះ​ដៃ​រក​គ្នា​​ និង​ខិត​ជិត​គ្នា​​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រទេស​ទាំង​២​ប្រៀប​បាន​នឹង​មនុស្ស​កំពុង​ជិះ​នៅ​លើ​ទូក​តែ​មួយ​ដោយ​សារ​ការ​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​ដូច​គ្នា​ជា​មួយ​អាមេរិក​។ ចិន​គ្រាន់​បើ​ជាង​ឥណ្ឌា​ដោយ​សារ​ចិន​មាន​សន្លឹក​បៀរ​សម្រាប់​ត​ទល់​ជា​មួយ​អាមេរិក​។ ចិន​មាន​រ៉ែ​កម្រ​សម្រាប់​ត​ទល់​។ បើ​អាមេរិក​ហ៊ាន​ដំ​ឡើង​ពន្ធ​គយ​ទៅ​លើ​ទំនិញ​ចិន ចិន​នឹង​បិទ​ការ​នាំ​ចេញ​រ៉ែ​កម្រ​ទៅ​អាមេរិក​ ហើយ​ធ្វើ​ឱ្យ​រោង​ចក្រ​អាមេរិក​ខ្លះ​ត្រូវ​តែ​​បិទ​ទ្វារ​។ ចំណែក​ឥណ្ឌា​ត្រូវ​អាមេរិក​ដំឡើង​ពន្ធ​គយ​រហូត​ដល់​៥០%…

ទី​ក្រុង​ប៉េកាំង៖ ចិន និង​ឥណ្ឌា​កំពុង​តែ​បោះ​ដៃ​រក​គ្នា​​ និង​ខិត​ជិត​គ្នា​​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រទេស​ទាំង​២​ប្រៀប​បាន​នឹង​មនុស្ស​កំពុង​ជិះ​នៅ​លើ​ទូក​តែ​មួយ​ដោយ​សារ​ការ​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​ដូច​គ្នា​ជា​មួយ​អាមេរិក​។ ចិន​គ្រាន់​បើ​ជាង​ឥណ្ឌា​ដោយ​សារ​ចិន​មាន​សន្លឹក​បៀរ​សម្រាប់​ត​ទល់​ជា​មួយ​អាមេរិក​។ ចិន​មាន​រ៉ែ​កម្រ​សម្រាប់​ត​ទល់​។ បើ​អាមេរិក​ហ៊ាន​ដំ​ឡើង​ពន្ធ​គយ​ទៅ​លើ​ទំនិញ​ចិន ចិន​នឹង​បិទ​ការ​នាំ​ចេញ​រ៉ែ​កម្រ​ទៅ​អាមេរិក​ ហើយ​ធ្វើ​ឱ្យ​រោង​ចក្រ​អាមេរិក​ខ្លះ​ត្រូវ​តែ​​បិទ​ទ្វារ​។

ចំណែក​ឥណ្ឌា​ត្រូវ​អាមេរិក​ដំឡើង​ពន្ធ​គយ​រហូត​ដល់​៥០% សឹង​តែ​រក​ស៊ី​ជា​មួយ​គ្នា​លែង​កើត​តែ​ម្ដង​។ ហេតុ​នេះ​ហើយ​ ឥណ្ឌា​ចាប់​ផ្ដើម​ងាក​ទៅ​ចាប់​ដៃ​គូ​ជា​មួយ​បណ្ដា​ប្រទេស​ធំ​ៗ​នៅ​ទ្វីប​អាស៊ី​ដូច​ជា​ចិន និង​ជប៉ុន​ជា​ដើម​។ បន្ទាប់​ពី​បញ្ចប់​ទស្សន​កិច្ច​នៅ​ចិន នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក​ម៉ូឌី នឹង​បន្ត​ដំណើរ​ទៅ​​ប្រទេស​រុស្ស៊ី​ទៀត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​។

លោក​ម៉ូឌី និង​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ យល់​ស្រប​គ្នា​ថា​ប្រទេស​ទាំង​២​ជា​ដៃ​គូ​អភិ​វឌ្ឍ​ជា​មួយ​គ្នា និង​មិន​មែន​ជា​គូ​ប្រជែង​គ្នា​យក​ស្លាប់​រស់​ទេ​។ លោក​ទាំង​២​កំពុង​ខិត​ខំ​កែ​លម្អ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ចំ​ពេល​ដែល​សេដ្ឋ​កិច្ច​ពិភព​លោក​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដោយ​សារ​នយោបាយ​ដំឡើង​ពន្ធ​។ នេះ​ជា​លើក​ទី​១នៅ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ដែល​លោក​ម៉ូឌី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ជា​ថ្មី​ដើម្បី​បំពេញ​ទស្សន​កិច្ច​២​ថ្ងៃ​ និង​ចូល​រួម​អង្គ​ការ​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ​ស្ដី​ពី​សន្តិ​សុខ​នៅ​ក្នុង​តំបន់​។

ក្នុង​នោះ​ក៏​មាន​វត្ត​មាន​របស់​ថ្នាក់​ដឹក​នាំ​រុស្ស៊ី (លោក​ពូទីន), អ៊ីរ៉ង់,​ ប៉ាគី​ស្ថាន​ និង​ប្រទេស​អាស៊ី​កណ្ដាល​បួន​ទៀត​។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​រំលេច​ឱ្យ​​ឃើញ​សាម​គ្គី​ភាព​នៃ​ក្រុម​ប្រទេស​នៅ​អឌ្ឍ​គោល​ខាង​ត្បូង​។ ក្រុម​អ្នក​វិភាគ​យល់​ថា​លោក​ស៊ី​ជីន​ពីង​ និ​ងលោក​ម៉ូឌី​កំពុង​រួម​កម្លាំង​គ្នា​ទប់​ទល់​នឹង​​ក្រុម​បស្ចិម​ប្រទេស​ដែល​ដាក់​សម្ពាធ​​​ឥណ្ឌា​ពី​បទ​​​ទិញ​ប្រេងឆៅ​​ពី​រុស្ស៊ី​។

លោក​ម៉ូឌី​​​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​លោក​ស៊ី​ថា​នឹង​ខិត​ខំ​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ចិន​ ហើយ​នឹង​​​ព្យាយាម​កាត់​បន្ថយ​ឱន​ភាព​​ពាណិ​ជ្ជ​កម្ម​​ (គេ​នាំ​ចូល​យើង​ច្រើន​ជាង​យើង​នាំ​ចូល​គេ) ជាង​៩៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ទន្ទឹម​នឹង​នោះ លោក​ម៉ូឌី​ក៏​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ចាំ​បាច់​ត្រូវ​តែ​ថែ​រក្សា​សន្តិ​ភាព​ និង​ស្ថិរ​ភាព​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ប្រទេស​ទាំង​២​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ប្រដាប់​អាវុធ​មួយ​ប្រាវ​រវាង​ចិន​ និង​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០២០​។​

ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​នោះ ប្រទេស​ទាំង​២​បិទ​ជើង​ហោះ​ហើរ​ដោយ​ត្រង់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​។ ដូច្នេះ​លើក​នេះ​លោក​ម៉ូឌី​បញ្ជាក់​​ថា​ការ​ហោះ​ហើរ​ត្រង់​ទៅ​ត្រង់​ម​ក​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​ជា​ធម្ម​តា​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ពិត​ប្រាកដ​ទេ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង​យី ថ្លែង​ថា​ចិន​បាន​ឯក​ភាព​បើក​ការ​នាំ​ចេញ​ឡើង​វិញ​នូវ​រ៉ែ​កម្រ​, ជី​កសិ​កម្ម​ និង​ម៉ាស៊ីន​ជីក​ផ្លូវ​ក្រោម​ដី​​​ទៅ​​ឥណ្ឌា​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភពពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ