ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ» នៃរដ្ឋបាលព្រៃឈើសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។

ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។
ជាមួយគ្នានេះពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀត។

ស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ ជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” នៃរដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត៕

ចែករំលែកព័តមាននេះ