រាជធានីភ្នំពេញ ៖ រយៈពេល២ថ្ងៃនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ថា បានដំណើរការប្រកបដោយរលូនល្អ ទោះបីនៅបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក្តី ហើយតាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ បានលើកឡើងថា ដំណើរការសំណេរនៃការប្រឡង រយៈពេល២ថ្ងៃគឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០នាក់(ស្រី៨១ ៤៤២នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០ ៦៧៨នាក់ (ស្រី ២៤ ៥១៩នាក់)បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១០៦ ០៤២នាក់ (ស្រី ៥៦ ៩២៣នាក់) ។
មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១ ៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩មណ្ឌល ត្រូវជា ៤ ២៦៩បន្ទប់ ។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរការសំណេរសរុប ៣១ ២០៣នាក់ ។
បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី-ខេត្តចំនួន១៧ រួមមានរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន-អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល២ថ្ងៃនេះ បេក្ខជនអវត្តមានសរុបមាន ១ ៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១ ៥២២នាក់ (ស្រី ៥៨៦នាក់) និងបេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់) ។ បេក្ខជនមានបញ្ហាសុខភាព ២៦១ករណី ក្នុងនោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ ។
បេក្ខជនមានជំងឺគ្រុនឈាម ១៣ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី ។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ករណី ។ បេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី ។
បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ហើយការយកសំណៅឯកសារចូលមណ្ឌលប្រឡងមានចំនួនតិចតួចបំផុត ។ បេក្ខជនដែល បានប្រព្រឹត្តកំហុសឆ្គងមាន ២ករណី និងគណៈមេប្រយោគ និងគណៈកម្មការនានាមានកំហុសឆ្គង៥ករណី ហើយត្រូវបានកត់ត្រា ក្នុងរបាយការណ៍ពិសេស ។
ដំណើរការសំណេរបានបញ្ចប់នៅម៉ោង ៤និង ៣០រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ហឹបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត ដើម្បីត្រៀមនីតិវិធី បញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការកំណែ ។
ជារួម ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់» ៕
ចែករំលែកព័តមាននេះ