រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងកសាងឡើងវិញនូវទំនុកចិត្តរវាងកម្ពុជា-ថៃ ។
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ។
ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ ៕
ចែករំលែកព័តមាននេះ