រាជធានីភ្នំពេញ ៖ ជនសង្ស័យជាអ្នករើសអេតចាយម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីយោធាយកប្រាក់អស់១៥០០០ដុល្លារ, គ្រឿងអលង្ការមួយចំនួន និងកាំភ្លើងខ្លីមួយដើមរួច គេចខ្លួនបានតែមួយយប់ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សុខ សំឯក ហៅឆ្លូញ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅដីឡូត៍ដែលគេទុកចោល តាមផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ( មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ តាំង ផេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីយោធា(ស័ក្ត៤
កន្លះ) នៅអគ្គបញ្ជាការ ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាកន្លែងកើតហេតុ ។

តាមនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីយោធាយកប្រាក់ និងគ្រឿងអលង្ការព្រមទាំងកាំភ្លើងខ្លីរួចគេចខ្លួនបានតែមួយយប់ប៉ុណ្ណោះ ។
តាមនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង៤០នាទីយប់ ជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើងកាត់ដីឡូត៍ជាប់ផ្ទះជនរងគ្រោះ រួចបានយកដែកគាស់សង្ក័សីរួចលូនចូលធ្វើសកម្មភាពក្នុងផ្ទះជនរងគ្រោះ ខណៈពេលដែលម្ចាស់ផ្ទះជាប្ដីទៅប្រចាំការនៅបន្ទាយ ចំណែកស្ត្រីជាប្រពន្ធនិងកូនបានទៅដើរលេង។

ក្នុងសកម្មភាពជនសង្ស័យបានគាស់យកប្រាក់ប្រហែល១៥០០០ដុល្លារ, ឡេបថបចំនួន១គ្រឿង, នាឡិការដៃចំនួន១គ្រឿង ចិញ្ចៀនភ្លក់ដំរី ,ខ្សែដៃ ភ្លក់ចំនួន៤ខ្សែ និងកាំភ្លើងខ្លីម៉ាក k54 ចំនួន១ដើម រួចគេចខ្លួនបាត់។ លុះក្រោយមក ប្រពន្ធម្ចាស់ផ្ទះក៏បានត្រឡប់មកផ្ទះវិញ ទើបដឹងថា ចោរចូលផ្ទះរើកកាយយករបស់របរមានតម្លៃ រួចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំង
នគរបាលជំនាញក៏បានស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២ និង៣០នាទីនៅចំណុចដី
ឡូត៍គេទុកចោល ផ្លូវណតប្រ៊ីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខព្រមទាំង ដកហូត ម៉ូតូរឺម៉ករបស់ជនសង្ស័យ ។

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន យកបានតែលេបថតមួយគ្រឿង, លុយ១០០០រៀល និងគ្រឿងអលង្ការបន្តោងភ្លុក ។ ចំណែកប្រាក់ដុល្លារ, កាំភ្លើងម៉ាកk៥៤ ខ្លួនពុំបានយកនោះទេ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ