ទីក្រុងវេលីងតុន៖ ប្រទេសនូវែលហ្សេឡង់ប្រកាសថាសម្រាប់ពេលនេះ ខ្លួនមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនទេ។ ប៉ុន្តែរដ្ឋាភិបាលរបស់ខ្លួននៅតែគាំទ្រឱ្យមានរដ្ឋ២ជានិច្ច។ គ្រាន់តែថាសម្រាប់ពេលនេះ ពេលវេលាមិនស័ក្ដិសមសម្រាប់ឱ្យខ្លួនធ្វើដូច្នេះ។ ខាងលើនេះជាការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោកវីនស្តុន ភីថឺ (Winston Peters) នៅទីក្រុងញូយ៉ក។
លោកថ្លែងចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថានៅពេលសង្គ្រាមបន្តកើតមានដូចសព្វថ្ងៃនេះ, នៅពេលក្រុមហាម៉ាស់បន្តដឹកនាំប្រព័ន្ធរដ្ឋបាលនៅហ្កាហ្សា និងនៅពេលគ្មានភាពច្បាស់លាស់ថានឹងមានអ្វីកើតឡើងនៅជំហានបន្ទាប់ យើងនៅតែមានមន្ទិលសង្ស័យជាច្រើនពាក់ព័ន្ធនឹងអនាគតនៃរដ្ឋប៉ាឡេស្ទីន។ ដូច្នេះ នូវែលហ្សេឡង់ត្រូវតែប្រយ័ត្នប្រយែងក្នុងការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងពេលនេះ។
រដ្ឋមន្ត្រីរូបនេះថ្លែងបន្តទៀតថាយើងក៏ព្រួយបារម្ភផងដែរថាបើយើងផ្ដោតសំខាន់តែទៅលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះអាចបង្កបញ្ហាកាន់តែស្មុគស្មាញទៅវិញទេចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានបទឈប់បាញ់។ កុំភ្លេចថាភាគីទាំង២ហាម៉ាស់ និងអ៊ីស្រាអែលកំពុងតែចង់កិកកុកស្រាប់ផង។
នូវែលហ្សេឡង់ហាក់ប្រកាន់ជំហរផ្សេងពីក្រុមប្រទេសជាដៃគូដទៃទៀតដូចជាអូស្ត្រាលី កាណាដា និងអង់គ្លេសដែលបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគ្រប់ៗគ្នា។ ឥឡូវនេះ ប្រទេសជាង១៤០គាំទ្ររដ្ឋប៉ាឡេស្ទីន។ សំណុំឯកសាររបស់រដ្ឋាភិបាលនូវែលហ្សេឡង់បញ្ជាក់ថាខ្លួនសង្ឃឹមថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលដ៏សមគួរណាមួយ។ ជាពិសេសនៅពេលស្ថានការណ៍ល្អប្រសើរសម្រាប់ការស្វែងរកសន្តិភាព និងការចរចាគ្នាជាងពេលបច្ចុប្បន្ន។ នេះបើយោងតាមប្រភពពីរ៉យទ័រ៕
ចែករំលែកព័តមាននេះ