ជាមន្ត្រីសមត្ថកិច្ចដែលមានតួនាទីផ្តល់ការការពារសណ្តាប់ធ្នាប់ និងសន្តិសុខ ជាពិសេស គឺបម្រើ និងការពារប្រជាពលរដ្ឋ គឺអាចកាចបានតែចំពោះជនល្មើសឫឧក្រិដ្ឋជនប៉ុណ្ណោះ ។ ប្រសិនបើអស់លោកកាចដាក់ប្រជាពលរដ្ឋ គឺមិនបានទេសម័យនេះ ។

ព្រោះតែសកម្មភាព និងទង្វើរឆ្គាំឆ្គងដែលប៉ះជាមួយនឹងប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ប៉ូលីសម្នាក់ ដែលមានតួនាទីជាអធិការរងខណ្ឌចំការមន ។
ទណ្ឌកម្មនោះ គឺត្រូវបានក្រសួងប្រកាសដាក់ និងកំណត់តាមរូបភាពដកហូតមុខតំណែងឋានន្តរស័ក្តិ ហើយមិនតែប៉ុណ្ណោះ គឺត្រូវបានសម្រេចបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិថែមទៀត ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា ។
នៅសម័យមុន អស់លោកអាចធ្វើផ្តេសផ្តាសបាន ប៉ុន្តែសម័យនេះមិនអាចទៀតឡើយពីព្រោះភ្នែកប្រជាពលរដ្ឋរវាស ហើយដៃក៏រហ័សជាមួយនឹងឧបករណ៍ទូរស័ព្ទនៅនឹងដៃពួកគេផ្ទាល់ពួកគេអាចនឹងធ្វើសកម្មភាពផ្សព្វផ្សាយតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ ជាក់ស្តែងដូចជាករណីមន្ត្រីសមត្ថកិច្ចខាងលើ ។

មន្ត្រីសមត្ថកិច្ច ដែលត្រូវក្រសួងដាក់វិន័យបែបនេះ គឺក្រោយពេលដែលមានការផ្សព្វផ្សាយរិះគន់ពេញបណ្តាញសង្គមទៅលើសកម្មភាពរបស់មន្ត្រីសមត្ថកិច្ចរូបនោះ ពាក់ព័ន្ធនឹងហេតុការណ៍មួយដែលបានកើតឡើង កាលពីយប់ថ្ងៃទី២៩ ខែសីហា នាចំណុចសួនច្បារមុខសាលាកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ភូមិ ១៤ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន ។

តាមការផ្សព្វផ្សាយមន្ត្រីរូបនោះ គឺបានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើសាក្សីម្នាក់ ដែលជាអ្នកផ្ដល់ព័ត៌មានអំពីករណីឃាតកម្មសម្លា.ប់ស្ដ្រីជនបរទេសម្នាក់ នៅខណ្ឌចំការមន ព្រមទាំងអ្នកសារព័ត៌មានដែលជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ។
ឥរិយាបថរបស់អធិការរងរូបនេះ បាននាំឱ្យមានការរិះគន់ជាច្រើនពីសំណាក់សាធារណមតិ និងមហាជនទូទៅ ដែលបានឃើញវីដេអូពីសកម្មភាពនៅពេលនោះ ។
នេះមិនមែនជាករណីលើកដំបូងឡើយសម្រាប់មន្ត្រីមានសមត្ថកិច្ចរូបនោះឡើយ ។ ពីមុនលោកក៏ធ្លាប់មានរឿងអាស្រូវដែរ ។ តាមការកត់ត្រា និងចុះផ្សាយបានឲ្យដឹងថា កាលពីឆ្នាំទៅមន្ត្រីរូបនេះក៏ធ្លាប់បង្កបញ្ហាម្ដងរួចមកហើយ ដោយខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបានប្រើហិង្សា លើប្រជាពលរដ្ឋនៅតាមដងផ្លូវដែលនេះបានបង្ហាញនូវទង្វើដែលមិនសាកសមជាមន្ដ្រីនគរបាល ដែលបម្រើប្រជាពលរដ្ឋនោះឡើយ ។
កាលណោះ មន្ត្រីមានសមត្ថកិច្ចរូបនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុវត្តទណ្ឌកម្មខាងវិន័យដោយបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ។ ដល់ពេលមានរឿងជាថ្មីបែបនេះទៀត លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្រេចអនុវត្តទណ្ឌកម្មធ្ងន់តែម្តង ។
ជាការពិតនៅក្នុងនាមជាសមត្ថកិច្ច នៅក្នុងអំឡុងពេលអនុវត្តតួនាទី និងភារកិច្ចគឺចាំបាច់ ត្រូវតែគោរពច្បាប់ និងបទបញ្ជារបស់កងកម្លាំង ហើយជាពិសេស គឺគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
នៅក្នុងលក្ខខណ្ឌខ្លះ សូម្បីតែជនល្មើសក៏សមត្ថកិច្ចមិនចេះតែកាចផ្តេសផ្តាសបានឡើយ គឺអ្វីៗត្រូវស្ថិតនៅក្រោមក្របខណ្ឌនៃច្បាប់ ហើយអ្វីដែលគួរតែចាំ គឺថាគោរពតួនាទី និងភារកិច្ចដែលជាតិផ្តល់អោយច្បាស់លាស់ ។ សូមប្រុងប្រយ័ត្ន មកដល់ពេលនេះមានសមត្ថកិច្ចជាច្រើនរូបហើយដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការច្បាប់ ជាពិសេសទណ្ឌកម្មខាងវិន័យនេះតែម្តង ៕
ចែករំលែកព័តមាននេះ