ទីក្រុងហ្កាហ្សា៖ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ លោកអាប៊ូ អូបេដា (Abu Obeida) បានស្លាប់ហើយនៅក្នុងការវាយប្រហារតាមអាកាសទៅលើទីក្រុងហ្កាហ្សាពីសំណាក់យោធាអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលចូលរួមអបអរសាទរជាមួយយោធាអ៊ីស្រាអែលើ និងភ្នាក់សន្តិសុខអ៊ីស្រាអែលដែលសហការគ្នាបានល្អ ឈានទៅដល់ការបាញ់សម្លាប់លោកអូបេដា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស់មិនទាន់បញ្ជាក់ឱ្យបានច្បាស់ថាតើអ្នកនាំពាក្យរបស់ខ្លួនពិតជាបានស្លាប់មែន ឬយ៉ាងណា។
ក្រុមហាម៉ាស់ប្រកាសកាលពីមុននេះថាការវាយប្រហាររបស់អ៊ីស្រាអែលបណ្ដាលឱ្យស្លាប់ស្លាប់ និងរបួសជនស៊ីវិលរាប់សិបនាក់។ អ្នកសារព័ត៌មានក្នុងស្រុកចុះផ្សាយថាមនុស្សយ៉ាងតិច៧នាក់បានស្លាប់ និង២០នាក់រងរបួសនៅពេលអ៊ីស្រាអែលវាយប្រហារទៅលើតំបន់អាល់រីម៉ាល់ (al-Rimal) ដែលមានមនុស្សរស់នៅច្រើន និងស្ថិតនៅក្បែរទីក្រុងហ្កាហ្សា។ ការវាយប្រហារកាលពីថ្ងៃសៅរ៍នោះកើតឡើងចំពេលអ៊ីស្រាអែលបន្តវាយប្រហារតាមអាកាសទៅលើទីក្រុងហ្កាហ្សាមុនពេលបើកយុទ្ធនាការជើងគោក។
កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានថាបក្សពួករបស់អ្នកនាំពាក្យក្រុមហាម៉ាស់រូបនេះជាច្រើនទៀតប្រុងខ្លួនឱ្យហើយទៅ។ អ៊ីស្រាអែលមិនបណ្ដោយឱ្យពួកគេរស់នៅបានសុខឡើយ។ អ៊ីស្រាអែលចេញសេចក្ដីថ្លែងការណ៍ថាមុននឹងឈានទៅដល់ការបើកប្រតិបត្តិការសម្លាប់លោកអាប៊ូ អូបេដា អ៊ីស្រាអែលមានព័ត៌មាននៅក្នុងដៃដែលបញ្ជាក់ពីទីកន្លែងលាក់ខ្លួនរបស់គាត់។
គិតទៅ ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣រហូតមកដល់ពេលនេះ មេធំៗរបស់ពួកគេស្លាប់ជិតអស់ហើយ ហើយនៅសល់តែលោកអូបេដា និងមន្ត្រីជាន់ខ្ពស់របស់គាត់ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងការធ្វើឃាតលោកអូបេដានោះ អ៊ីស្រាអែលបាញ់មីស៊ីល៥គ្រាប់ទៅលើជាន់ទី២ និងទី៣នៃអគារកម្ពស់៦ជាន់នៅអាល់រីម៉ាល់ (al-Rimal) ជាលក្ខណៈបាញ់ផ្ទប់គ្នាពីគ្រប់ជ្រុងទាំងអស់នៅក្នុងពេលតែមួយ។
ផ្ទះល្បែងដែលជាគោលដៅនៃការវាយប្រហារនោះត្រូវគេប្រើប្រាស់ធ្វើជាកន្លែងវះកាត់របស់ពេទ្យធ្មេញ។ សាក្សីនិយាយថាពួកគេឃើញលុយរាប់សែនដុល្លារហោះហើរពាសពេញផ្ទៃអាកាសនៅពេលគ្រាប់មីស៊ីលបាញ់អគារនោះ។ អ្នករស់នៅម្ដុំនោះក៏នាំគ្នារើសលុយយ៉ាងប្រញាយ។ ប៉ុន្តែក្រោយមក ក្រុមហាម៉ាស់ប្រមូលលុយទាំងនោះត្រឡប់មកវិញ។ អ៊ីស្រាអែលថ្លែងថាលោកអូបេដាជាអ្នកជួសមុខឱ្យក្រុមហាម៉ាស់នៅក្នុងទីសាធារណៈ និងធ្វើការបម្រើឱ្យការឃោសនារបស់ហាម៉ាស់។
នៅពេលធ្វើសន្និសីទសារព័ត៌មានម្ដងៗ លោកអូបេដាមិនដែលហ៊ានបញ្ចេញមុខពិតទេ។ លោកតែងតែឃ្លុំមុខជិតឈឹង ទុកតែប្រឡង់ភ្នែកប៉ុណ្ណោះ។ គាត់ជាមនុស្សគំរូសំណព្វចិត្ត (អាយដល – idol) របស់ពួកអ្នកគាំទ្រក្រុមហាម៉ាស់នៅតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃសុក្រសប្ដាហ៍មុនប្រហែលជាពាក្យសម្ដីចុងក្រោយរបស់លោកអូបេដា។ កាលនោះ គាត់និយាយអំពីជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់។ គាត់ថាបើយុទ្ធជនរបស់ក្រុមហាម៉ាស់ស្លាប់ ចំណាប់ខ្មាំងទាំងនោះក៏មិនរស់ដែរ។ លោកព្រមានថានឹងមានផលវិបាកធ្ងន់ធ្ងរបើអ៊ីស្រាអែលវាយយកតំបន់ហ្កាហ្សា។ ខាងលើនេះជាការដកស្រង់ប្រភពពីប៊ីប៊ីស៊ី (BBC) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ