ខេត្តកណ្តាល ៖ បុរសម្នាក់ផឹកស៊ីស្រវឹង ចំស្រាប្រច័ណ្ឌប្រពន្ធ ទ្រាំលែងបានយកដំបងដែកទីប ០១កំណាត់ វាយប្រពន្ធជាច្រើនដំបងរហូតដល់ស្លាប់ រួចបោះដំបងដែកទីបនោះចោលក្នុងព្រៃ ហើយរត់គេចខ្លួន ស្វាងស្រាក៏ចូលខ្លួនសារភាពទោសប្រាប់សមត្ថកិច្ចថាខ្លួនបានសម្លាប់ប្រពន្ធ ។
ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្ថិតចំណុចភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ហៀង យ៉ាត អាយុ ៣៧ឆ្នាំ មុខរបរ កម្មករកម្មការិនី រោងចក្រ រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ក្រោយពីវាយសម្លាប់ប្រពន្ធរួចស្វាងស្រា ក៏ចូលខ្លួនសារភាពទោសប្រាប់សមត្ថកិច្ចថាខ្លួនបានសម្លាប់ប្រពន្ធ ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញ ៖ ដំបងដែកទីប ចំនួន០១កំណាត់ ( របស់ជនសង្ស័យបោះចោលក្នុងព្រៃក្បែរភូមិ )
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល០៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យបានចេញពីផ្ទះទៅផឹកស្រាជាមួយបងប្អូន នៅក្នុងភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លុះដល់វេលាម៉ោងប្រហែល៦ល្ងាច ទើបជនសង្ស័យត្រឡប់ទៅដល់ផ្ទះវិញ តែមិនឃើញជនរងគ្រោះជាប្រពន្ធនៅផ្ទះ រួចក៏ជនសង្ស័យបានដើររកនៅក្នុងភូមិ ទើបឃើញប្រពន្ធកំពុងតែផឹកស្រានៅផ្ទះមិត្តភក្ដិរបស់គាត់ ។ នៅពេលនោះក៏ជនសង្ស័យជាប្តី កើតចិត្តប្រចណ្ឌហួងហែង និងបានហៅប្រពន្ធត្រឡប់ទៅផ្ទះវិញ ក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ពេលនោះជនសង្ស័យក៏ស្ទុះវាយទៅលើជនរងគ្រោះ ជាប្រពន្ធជាច្រើនដៃ ទើបជនរងគ្រោះជាប្រពន្ធរត់ទៅផ្ទះវិញ ហើយចូលទៅពួនក្នុងបន្ទប់ និងបាននិយាយប្រាប់ទៅកូនថា «កុំប្រាប់ប៉ាថាម៉ែនៅក្នុងបន្ទប់ » ។ នៅពេលជនសង្ស័យជាប្តីទៅដល់ផ្ទះបានសួរកូនថា «ម្ដាយរបស់ឯងនៅឯណា?» ពេលនោះកូនបានឆ្លើយថាមិនឃើញទេប៉ារួចក៏កូនស្រីដើរចូលបន្ទប់ខ្លួនវិញ ហើយជនសង្ស័យក៏ដើរចេញទៅវិញបាត់ទៅ ។
លុះដល់ម៉ោង២១ និង ៣០នាទីយប់ថ្ងៃដដែល ក៏ជនសង្ស័យបានដើររកជនរងគ្រោះជាប្រពន្ធឃើញនៅក្នុងបន្ទប់ ដោយសារបន្ទប់ចាក់សោពីខាងក្នុង ទើបជនសង្ស័យបាននិយាយលួងលោមទៅកាន់ជនរងគ្រោះ ឲ្យជួយបើកបើកទ្វារបន្ទប់ពេលនោះជនរងគ្រោះ ក៏បានបើកស្រាប់តែជនសង្ស័យជាប្តី យកដំបងដែកទីបវាយទៅលើជនរងគ្រោះប្រពន្ធជាច្រើនដំបង ភ្លាមនោះកូនស្រីបានឃើញបែបនោះក៏បានព្យាយាមឃាត់ ទៅលើជនសង្ស័យជាឪពុក ឲ្យឈប់វាយទៅម្តាយទៀត តែ ជនសង្ស័យនៅតែបន្តវាយបណ្ដាលឲ្យប្រពន្ធដេកស្លាប់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យជាប្តីបានគេចខ្លួនចេញបាត់ទៅ ។
ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍សំរោងលើ ក៏ទទួលបានព័ត៌មានពីកូនរបស់ជនរងគ្រោះ និងបានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះដល់កន្លែងកើតហេតុដើម្បីទទួលបណ្ដឹង ធ្វើការកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ ។ នៅពេលដែលកម្លាំងជំនាញកំពុងធ្វើការនៅកន្លែងកើតហេតុ ស្រាប់តែទទួលព័ត៌មានពីកម្លាំងដែលប្រចាំការនៅប៉ុស្ដិ៍សំរោងលើថា ជនសង្ស័យបានទៅប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ។ ភ្លាមនោះកម្លាំងជំនាញក៏បានទៅដល់ប៉ុស្ដិ៍ នាំខ្លួនជនសង្ស័យយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកដំបងដែកទីបវាយទៅលើជនរងគ្រោះដែលត្រូវជាប្រពន្ធបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់មកក៏គេចចេញពីកន្លែងកើតហេតុ បានយកដំបងទីបទៅបោះចោលក្នុងព្រៃក្បែរភូមិ រួចក៏ដើរទៅប៉ុស្ដិនគរបាលរដ្ឋបាលសំរោងលើដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី ។
ក្នុងនោះតាមការ ពិនិត្យ សាកសព របស់សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលសំរោងលើ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិត្រពាំងកក់ និងក្រុមគ្រួសាររបស់សព បានធ្វើការពិនិត្យលើសពជនរងគ្រោះឃើញ សពដេកស្លាប់ខាងក្រោយផ្ទះក្រោមសំយ៉ាបផ្ទះបាយ ពាក់អាវដៃវែងពណ៌ខៀវ និងស្លៀកខោជើងវែងពណ៌ខៀវ ក្បាលខាងក្រោយមានស្នាមបែកជាច្រើនកន្លែង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា




ចែករំលែកព័តមាននេះ