ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់ធ្វើឱ្យមានទឹកដក់នៅបរិវេណប្រាសាទបុរាណខ្មែរមួយចំនួននៅសៀមរាប

9 ម៉ោង មុន
  • សៀមរាប

ដោយសារ​តែ​ភ្លៀង​ធ្លាក់​មក​ជាប់​ៗ​គ្នា​បរិវេណ​ប្រាសាទ​នៅ​ខេត្តសៀមរាប ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អ​ប្សា​រា អះអាង​ថា បាន​ជួប​បញ្ហា​ទឹក​ដក់​នៅ​បរិវេណ​ប្រាសាទ​មួយ​ចំនួន ។ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បានអោយ​ដឹង នៅ​ថ្ងៃ​ទី​១៥ ខែតុលា តាម​ហ្វេ​ស​ប៊ុ​ក​ផេ​កថា…

ដោយសារ​តែ​ភ្លៀង​ធ្លាក់​មក​ជាប់​ៗ​គ្នា​បរិវេណ​ប្រាសាទ​នៅ​ខេត្តសៀមរាប ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អ​ប្សា​រា អះអាង​ថា បាន​ជួប​បញ្ហា​ទឹក​ដក់​នៅ​បរិវេណ​ប្រាសាទ​មួយ​ចំនួន ។

អាជ្ញាធរ​ជាតិ​អ​ប្សា​រា បានអោយ​ដឹង នៅ​ថ្ងៃ​ទី​១៥ ខែតុលា តាម​ហ្វេ​ស​ប៊ុ​ក​ផេ​កថា ទឹក​ដក់​នៅ​បរិវេណ​ប្រាសាទ​ទាំងនោះ គឺ​ដោយសារ​តែ​ទីតាំង​ប្រាសាទ​ទាំងនោះ​ពុំ​មាន​លូ​បង្ហូរទឹក​គ្រប់គ្រាន់ ឬ​លូ​បង្ហូរទឹក​មាន​មាត់​តូច​ជាដើម ។

ប្រភព​ដដែល​បាន​បន្ត​ថា ដើម្បី​សម្រួល​កិច្ច​ការងារ ឬ​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេលវេលា ក្រុម​ភ្នាក់ងារទេសចរណ៍​ប្រចាំ​តាម​គោលដៅ​ប្រាសាទ​នានា បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការងារ​មួយ​នេះ និង​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ បង្ការ​ពី​គ្រោះថ្នាក់ ឬ​ហានិភ័យ​នានា ។

លោក ស៊ុន កែវ​ភក្តី ប្រធាន​ក្រុម​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទតាព្រហ្ម បានឱ្យ​ដឹង​ថា ជា​រឿយ​ៗ​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ​បរិវេណ​ប្រាសាទតាព្រហ្ម ដែល​ផ្នែក​ខាងក្នុង​រៀង​ទំនាប​តែង​មានទឹក​ដក់ តួយ៉ាង​នៅ​ជ្រុង​ខាងត្បូង​នៃ​សាល​របាំ​ជាដើម ។

លោក​បាន​បញ្ជាក់​ថា លោក​តែង​ដឹកនាំ​ក្រុមការងារ ដើម្បី​កាយ​ធ្វើ​ចង្អូរ​រំដោះ​ទឹក ឬ​កាយ​យក​កម្ទេច​ដី ឬ​រុក្ខជាតិ​តូច​នៅ​តាម​មាត់​លូ ដើម្បី​ឱ្យ​ទឹក​ហូរ​បាន​លឿន​សម្រួល​ដល់​ការ​ដើរ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ឡើង​វិញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​បរិវេណ​ខាងក្រៅ​នៅ​ក្នុង​ប្រាសាទ​មួយ​ចំនួន​ក៏​មានទឹក​ដក់​រយៈពេល​ខ្លី​ដែរ ដោយ​ក្នុង​នោះ​ក្រុមការងារ​ទេសចរ​បាន​ព្យាយាម​យក​សម្ភារ​ផ្សេង​ៗ ដើម្បី​ដួស ឬ​សាចទឹក​ចេញពី​ផ្លូវ​ដើរ​របស់​ភ្ញៀវ​ទេសចរ ។
បន្ថែម​ពី​នេះ ប្រធាន​ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏​បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​មក​កម្សាន្ត​ប្រាសាទតាព្រហ្ម និង​ប្រាសាទ​ផ្សេង​ៗ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដូច​ជា មិន​ត្រូវ​ដើរ​នៅ​កន្លែង​មានទឹក​ដក់ កន្លែង​សើម បង្ការ​ក្រែង​រអិល និង​មិន​ត្រូវ​ចូល​ទស្សនា​ទីតាំង​ដែល​បាន​ដាក់​ស្លាក​សញ្ញា «​ហាម​ចូល​» ជា​ដាច់ខាត ដែល​ជាទី​តាំង​មាន​ហានិភ័យ ៕