រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯករបស់ចែទូច ដែលបាននាំសាច់បង្កកពីប្រទេសថៃ មកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជា បានចូលរួមធ្វើពលិកាសម្រេចប្រមូលទំនិញថៃប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីដុតបំផ្លាញចោល ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ។
តាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯកសូមគោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះបានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ដែលមានទីតាំងនៅឃ្លាំងលេខ១៣២ ផ្លូវបេតុង ភូមិ៤ សង្កាត់ ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លើផលិតផលសាច់សត្វ ដែលបានធ្វើការនាំចូលមកពី ប្រទេសវៀតណាម ប្រទេសប្រេស៊ីល ប្រទេសកូរ៉េ ប្រទេសរុស្សី ប្រទេសហូឡង់ ប្រទេសអូស្ត្រាលី ប្រទេសអាហ្សង់ទីន ប្រទេសអាមេរិក និងប្រទេសថៃ ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ បានបញ្ជាក់ថា រាល់ទំនិញក្នុងឃ្លាំងក្រុមហ៊ុនយើងខ្ញុំបានធ្វើការបង់ពន្ធនាំចូលត្រឹមត្រូវ និងលទ្ធផលវិភាគបណ្តោះអាសន្នរបស់មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ក៏បានបញ្ជាក់ដែលថា ទំនិញទាំងអស់ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែល បណ្តាលឱ្យប៉ះពាល់សុខភាពឡើយ ។
ក្រោយពីបានពិនិត្យឯកសារពាក់ព័ន្ធនឹងការនាំចូលការបង់ពន្ធបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងលទ្ធផលដែលចេញពីមន្ទីរពិសោធន៍កណ្តាលរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) លើសំណាកគំរូចំនួន១៥ ក៏ពុំឃើញមានប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយលើសពីកម្រិតកំណត់ ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ ។
បន្ទាប់មកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (កបប) បានចុះមកធ្វើការបើកសៀលផលិតផល ដែលបានផ្ដុំបេទុកជាបណ្តោះអាសន្នកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ ។
តាមសេចក្តី ជូនដំណឹងបានឲ្យដឹងទៀតថា ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ជាក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីការត្រឹមត្រូវ និងប្រកបអាជីវកម្មស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លើការនាំចូលទំនិញចូលមកពី បណ្តាប្រទេសមួយចំនួន និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការហាមឃាត់នាំចូលមុខទំនិញមួយចំនួនដែលមានប្រភពដើមពីប្រទេសថៃ ។
ទោះបីជាមានការអនុញ្ញាតឱ្យក្រុមហ៊ុនយើងខ្ញុំ អាចដំណើរអាជីវកម្មវិញក៏ដោយ ដើម្បីជាការរួមចំណែកជាមួយប្រជាជនកម្ពុជា ចំពោះការធ្វើពហិការឈប់ប្រើប្រាស់រាល់ផលិតផលទំនិញ ដែលមានប្រភពមកពីប្រទេសថៃ ក្រុមហ៊ុន អ៊ុម សុផាន់ណារិទ្ធ អ៊ឹមផត អិចផត ឯ.ក សម្រេចប្រមូលដុតបំផ្លាញចោលនៅរាល់ទំនិញក្នុងឃ្លាំង ដែលមានប្រភពមកពីប្រទេសថៃ និងស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជាការបង្ហាញដល់បងប្អូន ប្រជាជនកម្ពុជាទាំងអស់ អំពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការចូលរួមពហិការឈប់ប្រើប្រាស់ផលិតផលប្រទេសថៃ ៕
ចែករំលែកព័តមាននេះ