ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី សបញ្ជាក់​ការ​បន្ត​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Dato’…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​តំបន់ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ​នៅ​វិមាន​សន្ដិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន នៅ​កម្ពុជា រួម​ទាំង អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ។ ឯកឧត្តម​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ម៉ា​ឡេ​ស៊ី និង​កម្ពុជា និង​បាន​គូសបញ្ជាក់​ការ​បន្ត​គាំទ្រ​របស់​ម៉ា​ឡេ​ស៊ីក្នុង​ការ​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​៖ វិស័យ​ពាណិជ្ជកម្ម​, សេដ្ឋកិច្ច និង​កា​រត​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង ​នូវ​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្ដី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លើក​ទី​១៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​។ សម្ដេច​បវរ​ធិ​បតី​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ម៉ា​ឡេ​ស៊ី ​។

សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សំខាន់​ៗ មាន​ជា​អាទិ៍​៖ ឧស្សាហកម្ម​ហា​ឡា​ល់ ដើម្បី​បម្រើ​ដល់​តម្រូវការ​នៃ​ប្រជាជន​មូ​ស្លី​ម និង​ប្រជាជន​ទូទៅ​; វិស័យ​ទេសចរណ៍ រួម​ទាំង ទេសចរណ៍​វេជ្ជសាស្ត្រ​; ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET), កសិកម្ម​, ហិរញ្ញវត្ថុ និង​ធនាគារ ជាដើម​។ សម្តេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ស្ថានទូត​ម៉ា​ឡេ​ស៊ី នៅ​ភ្នំពេញ បន្ត​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា ដើម្បី​សម្រេច​គម្រោង​កិច្ច​សហប្រតិបត្តិការ​ខាងលើ ​។

ក្នុង​ឱកាស​ខាងលើ សម្តេច​បវរ​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង ថ្លែងអំណរគុណ​ជូន​ចំពោះ​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ដែល​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​សម្រប​សម្រួលការ​តាមដាន​ការ​អនុ​វត្តបទ​ឈប់​បាញ់ ក៏​ដូច​ជា​ជូន​ចំពោះ​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) នៅ​កម្ពុជា ដែល​បាន​ចុះ​តាមដាន​ការ​អនុ​វត្តបទ​ឈប់​បាញ់ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ