រាជធានីភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។
នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ ចំពោះការចុះសួរសុខទុក្ខលើកទី៣ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថា ទាហានយើងទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕







ចែករំលែកព័តមាននេះ