រាជធានីភ្នំពេញ៖ កម្ពុជា-អូស្ដ្រាលី ពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ ជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។
យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HUNTER McGee មន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក។
ការណ៍នេះធ្វើឡើង ដោយមានវត្តមានចូលរួមពី ឯកឧត្តម អគ្គនាយករង លោកលោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លេខាទូត និងមន្រ្តីទទួលបន្ទុកកិច្ចការបរទេសប្រចាំស្ថានទូតអូស្រ្តាលី។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍, កិច្ចពិភាក្សានោះ គឺផ្តោតសំខាន់លើការឈ្វេងយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័ន ACIC អូស្រ្តាលី និងពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការលើការងារជំនាញរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ស្ថាប័ន ACIC អូស្រ្តាលី ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ ជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធផ្សេងទៀត៕
ចែករំលែកព័តមាននេះ