រាជធានីភ្នំពេញ៖ កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ខ្មែរនៅរដ្ឋវ៉ាស៊ីតោន នាពេលខាងមុខ ដើម្បីលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរ។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា កាលពីម្សិលមិញ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី អ៊ំ ម៉ីរ៉ាឌី ប្រធានសមាគមសិល្បៈខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន និងក្រុមការងារដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។
បើតាមក្រសួង, នៅក្នុងជំនួបពិភាក្សានេះភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហការមួយចំនួនដូចជាការបញ្ជូនសិស្ស-និស្សិតនៅសហរដ្ឋអាម៉េរិកមកសិក្សាឈ្វេងយល់អំពីវប្បធម៌អរិយធម៌ខ្មែរនៅកម្ពុជា និងការត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ខ្មែរនៅរដ្ឋវ៉ាស៊ីតោននាពេលខាងមុខ។
នៅក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់ជូននូវសៀវភៅឯកសារក្បាច់របាំព្រះរាជទ្រព្យ សៀវភៅភ្លេងរបាំព្រះរាជទ្រព្យ និងសៀវភៅឯកសារនៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌរូបី និងអរូបីនៃអង្គការយូណេស្កូដើម្បីទុកជាការសិក្សាស្រាវជ្រាវ៕
ចែករំលែកព័តមាននេះ