ថៃ ៖ សមត្ថកិច្ចស់ថៃ ចាប់ខ្លួនបណ្តាញជួញដូរគ្រឿងញៀនដែលប្រើប្រាស់ក្របី ក្នុងការលាងលុយកខ្វក់ រឹបអូសទ្រព្យសម្បត្តិបានជាង ១០លានបាត បន្តពង្រីកការស៊ើបអង្កេតបន្ថែម! ។

ព័ត៌មានមួយដែលមានជាប់ពាក់ព័ន្ធនឹងសត្វក្របី គឺនៅថ្ងៃទី១៣ ខែតុលានេះ គណៈកម្មការការពារ និងបង្ក្រាបគ្រឿងញៀនប្រចាំប្រទេសថៃ ហៅកាត់ថា ONCB បានបង្ហាញលទ្ធផលនៃប្រតិបត្តិកា របង្ក្រាបបណ្តាញជួយដូរគ្រឿងញៀនដ៏ធំមួយ នៅតាមសហគមន៍នៅខេត្តមហាសារខាម និងខេត្តរយអេត ។


វរសេនីយ៍ទោ សុរិយា សង្ហាកាមុល អគ្គលេខាធិការ ONCB បានថ្លែងថា កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ កងកម្លាំងនៃ ការិយាល័យបង្ក្រាបគ្រឿងញៀនតំបន់៤ សហការជាមួយស្ថាប័នពាក់ព័ន្ធបានអនុវត្តការឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិ តាមដីកាឆែកឆេររបស់តុលាការខេត្តមហាសារខាម និងដីកាចាប់ខ្លួនរបស់តុលាការខេត្តរយអេត ក្នុងសំណុំរឿងជនសង្ស័យឈ្មោះ ស៊ូរ៉ាស៊ីត ដែលមានលំនៅឋាននៅភូមិទី១៤ ឃុំកែដាំ ស្រុកកែដាំ ខេត្តមហាសារខាម ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្របី ។

តាមរយៈការឆែកឆេរ មន្ត្រីបានសម្រេចរឹបអូសទ្រព្យសម្បត្តិទាំងនោះ ដោយសំអាងថា វាជាទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរគ្រឿងញៀន និងលាងលុយខ្មៅ ដែលរួមមាន ៖ រថយន្តម៉ាក ISUZU ២គ្រឿង, ប្លង់ដីចំនួន៣, កង់អគ្គិសនី១គ្រឿង, ធុងបាស JBL ១គ្រឿង, ព្រះពុទ្ធរូបចំនួន២១អង្គ ប្រាក់សុទ្ធចំនួន ១៧,៧០០បាត និងសត្វក្របី១៥ក្បាល ។

តម្លៃទ្រព្យសម្បត្តិ ដែលរឹបអូសត្រូវបានប៉ាន់ស្មានថា មានចំនួន ១០,០០០,០០០បាត ហើយនឹងត្រូវអគ្គលេខាធិការ ONCB ដើម្បីពិចារណាចេញដីកាត្រួតពិនិត្យទ្រព្យសម្បត្តិ ស្របតាមច្បាប់ជាធរមាន ហើយនឹងបន្តស៊ើបអង្កេតពង្រីក ដើម្បីចាប់ខ្លួនអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយបណ្តាញជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់នេះ ហើយជនល្មើស ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ៕


ចែករំលែកព័តមាននេះ