រាជធានីភ្នំពេញ៖ ក្នុងគោលដៅប្រែក្លាយតំបន់តាមដងទន្លេឱ្យក្លាយជាស្នូលនៃដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគំនិតយ៉ាងធំមួយក្នុងការរៀបចំដែនដី និងនគរូបនីយកម្មតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប ដើម្បីបង្កើតជា របៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។
យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា ក្នុងគោលគំនិតនៃការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីបង្កើតជារបៀងសេដ្ឋកិច្ច ជាស្នូលនៃដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគិតគូរលើទីតាំងសក្តានុពលសម្រាប់រៀបចំជាផែបម្រើឱ្យទេសចរណ៍ និងភស្តុភារកម្ម តាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប ឱ្យសមស្របទៅនឹងផែនការប្រើប្រាស់ដី ដោយបានសាកល្បងកំណត់នូវទីតាំងមានសក្តានុពលដែលអាចរៀបចំជាផែសម្រាប់ភស្តុភារកម្ម ផែសំចតសហគមន៍ និងរៀបចំលំហសាធារណៈ រួមមាន៖ ចំណតសម្រាប់ភ្ញៀវទេសចរណ៍ ផែសម្រាប់ទូកទេសចរណ៍ កន្លែងផ្តល់ព័ត៌មាន តូបលក់ដូរ បន្ទប់ទឹកសាធារណៈ និងកន្លែងអង្គុយសម្រាក សួនច្បារ ផ្លូវជិះកង់ និងផ្លូវថ្មើរជើង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅច្រាំងទន្លេជាដើម។
សូមជម្រាបជូនថាកិច្ចប្រជុំពិភាក្សាលើការងារនេះរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្តតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប និងក្រុមហ៊ុនទូកទេសចរណ៍៕
ចែករំលែកព័តមាននេះ