កោះកុង៖ សួងសាធារណការ បានបើកយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកំណាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤៨-៥(វិថីសាយភូថង) ខេត្តកោះកុង។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា កាលពីម្សិលមិញ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់នៅលើផ្លូវជាតិលេខ៤៨ ត្រង់គ.ម.៥៤ ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយបានត្រួតពិនិត្យយានយន្តសរុបចំនួន ១៥គ្រឿង ក្នុងនោះផ្ទុកទម្ងន់លើសកម្រិតកំណត់ ០១គ្រឿង ចំនួន ៧តោន។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានចាត់ឱ្យកម្លាំងមន្រ្តីស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលភារកិច្ចចុះប្រចាំការជាបណ្តោះអាសន្ននៅចំណុចទីតាំងផ្លូវបំបែករវាងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិ លេខ៤៨-៥(វិថីសាយភូថង) រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ តទៅ ដើម្បីការពារផ្លូវជាតិលេខ៤៨ ដែលទើបនឹងសាងសង់រួចរាល់។
ទន្ទឹមនឹងនោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ខ្សាច់ ក្រួស ការដ្ឋានជីកយកអាចម៍ដី ដេប៉ូប្រមូលទិញកសិផល(ដំឡូងមី ពោត គ្រាប់ស្វាយចន្ទី-ល-) ម្ចាស់រោងម៉ាស៉ីនកិនស្រូវ ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ឱ្យត្រឹមត្រូវ និងម៉ឺងម៉ាត់ និងសហការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីការពារផ្លូវថ្នល់យើងកុំឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕
ចែករំលែកព័តមាននេះ