ឃាត់ឡាន១គ្រឿងដឹកលៀសជាង៨តោនខុសច្បាប់ និងកសាងសំណុំរឿងទៅតុលាការ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ បង្ក្រាបបទល្មើសដឹកលៀសតាមរថយន្ត១គ្រឿងដោយខុសច្បាប់ ប្រមាណជាង ៨ តោន ត្រូវបានមន្ត្រីជំនាញជលផល សហការជាមួយនឹងកម្លាំងយោធាជាច្រើនអង្គភាព ធ្វើការចាប់ឃាត់កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅវេលាខាងលើ មន្ត្រីជំនាញជលផល បានសហការជាមួយកងកម្លាំងយោធា របស់កងពលតូចថ្មីជើងលេខ ៥១ លេខ ៥២ លេខ ៥៣និង យោធភូមិភាគទី ៥ ព្រមទាំងមានកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំងផង បានធ្វើការឃាត់រថយន្តមួយគ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3H 0196 ដែលបានដឹកលៀសខុសច្បាប់ចេញ ពីខេត្តពោធិ៍សាត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងយកទៅប្រទេសវៀតណាម។
ក្រោយការឃាត់រថយន្តល្មើសច្បាប់ខាងលើ បានពិនិត្យឃើញមានលៀសដែលដឹកក្នុងរថយន្តមានចំនួន ១៩២ ការ៉ុងស្មើនឹង៨៦៤០ គីឡូក្រាម គឺជាង៨តោនកន្លះ ជាមួយនឹងការឃាត់រថយន្តដឹកលៀស សមត្ថកិច្ចនិងមន្ត្រីជំនាញ ក៏បានឃាត់ជនសង្ស័យម្នាក់ដែលជាអ្នកបើកបររថយន្តឈ្មោះ ចាន់ ធី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចជំនាញជលផល បានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីស្ដីពីច្បាប់ច្បាប់ស្ដីពីជលផល ទៅតុលាការ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជនសង្ស័យខាងលើជាបណ្តោះអាសន្ននៅល្ងាចថ្ងៃដដែល ចំណែកវត្ថុតាង មានលៀសជាង ៨តោន ត្រូវបានមន្ត្រីជំនាញជលផល និងកម្លាំងយោធា យកទៅចាក់លែងនៅទន្លេ ក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌វិញ ៕






















ចែករំលែកព័តមាននេះ