ខេត្តកែប៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ណែនាំឲ្យប្រធានថ្មីនៃមន្ទីរទេសចរណ៍ខេត្តកែប ប្រឹងប្រែងធ្វើការជាមួយគ្រប់តួអង្គដើម្បីលើកស្ទួយវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរកាន់តែច្រើនឡើង។
យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តកែប បានឲ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ខេត្តកែបជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ មានទាំងឆ្នេរ កោះ ភ្នំ និងតំបន់កសិ-ទេសចរណ៍ ជាដើម តែភាគច្រើន នៅមិនទាញយកអត្ថប្រយោជន៍បានច្រើន ពីសក្តានុពលទាំងនោះនៅឡើយ ដែលការងារនេះតម្រូវឲ្យប្រធានមន្ទីរទេសចរណ៍ថ្មីដែលទើបតែងតាំង ត្រូវប្រឹងប្រែងបំពេញការងារ តាមរយៈសហការជាមួយគ្រប់តួអង្គទាំងអស់ឲ្យបានស្និទ្ធស្នាល សំដៅជំរុញកំណើនភ្ញៀវទេសចរមកខេត្តកែប ចស្របតាមសសរស្តម្ភទាំង៦ដែលក្រសួងបានដាក់ចេញ។
ការថ្លែងនេះរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តកែប នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប ជាមួយប្រតិភូអមដំណើរ។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ លើកឡើងថា វិស័យទេសចរណ៍ ជាវិស័យមួយដែលត្រូវធ្វើការប្រទាក់ក្រឡាគ្នាជាមួយអន្តរវិស័យដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយនេះជាកិច្ចការដែលមន្ទីរទេសចរណ៍ត្រូវធ្វើ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងខេត្តកែប ឲ្យបានកាន់តែច្រើនឡើង មានការស្នាក់នៅកាន់តែយូរ ចំណាយកាន់តែច្រើន និងពោរពេញដោយការចងចាំជាមួយអនុស្សាវរីយ៍ល្អៗ។
សូមជម្រាបជូនថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ខេត្តកែបទទួលបានភ្ញៀវទេសចជាតិ និងអន្តរជាតិសរុបជាង ១លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១.០៥០.៤៨៨ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១៥.៧៦៩ នាក់។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែប៕
ចែករំលែកព័តមាននេះ