ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថានបន្តចាត់វិធានការលើករណីការកា.ប់គាស់រុករាន ឬការឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត

14 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​ពង្រឹង​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​ដី​រដ្ឋ និង​ធនធាន​ព្រៃឈើ នៅ​តាម​តំបន់ការពារធម្មជាតិ ដោយ​បន្ត​ចាត់វិធានការ​លើ​ករណី​ការ​កាប់​គាស់​រុករាន ឬ​ការ​ឈូស​ឆាយដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ និង​សន្និធិ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​ពង្រឹង​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​ដី​រដ្ឋ និង​ធនធាន​ព្រៃឈើ នៅ​តាម​តំបន់ការពារធម្មជាតិ ដោយ​បន្ត​ចាត់វិធានការ​លើ​ករណី​ការ​កាប់​គាស់​រុករាន ឬ​ការ​ឈូស​ឆាយដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ និង​សន្និធិ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ បាន​បន្ត​ចាត់វិធានការ​លើ​ករណី​ការ​កាប់​គាស់​រុករាន ឬ​ការ​ឈូស​ឆាយដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ និង​សន្និធិ​ឈើ ដោយ​គ្មាន​ការ​អនុញ្ញាត ក្នុង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​កុសុមៈ​«​គិរី​រម្យ​» នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ បាន​បន្ត​ចុះ​ទៅ​ដល់ទី​តាំង ដើម្បី​ចាត់វិធានការ​ច្បាប់​មួយ​ចំនួន​ទៀត​ក្នុង​នោះ​បាន​រើ​គ្រឹះ​សំណង់ផ្ទះ​លំហែ (​បណ្តោយ​១២​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ​) ចំនួន​១​កន្លែង និង​បន្ទប់ទឹក​ចំនួន​១​កន្លែង ស្មើ​និង​៤​បន្ទប់ (​បណ្តោយ​៦​ម៉ែត្រ និង​ទទឹង​២​ម៉ែត្រ​) និង​បាន​រើ​ទ្វារ​ដែក​ចំនួន​ចំនួន​៤​ផ្ទាំង (២​ម៉ែត្រ​៤០×១​ម៉ែត្រ​៦០)​។

ក្នុង​ឱកាស​នេះ ក្រសួងបរិស្ថាន សូម​ថ្លែងអំណរគុណ​ដល់​សាធារណជន​ដែល​បាន​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ផ្តល់​រូបភាព រាយការណ៍​អំពី​ជនល្មើស​សម្រាប់​តាមដាន​ស៊ើបអង្កេត លើ​ករណី​កាប់​គាស់ រុករាន​ដី​ព្រៃ និង​កាប់​ឈើ ខុសច្បាប់ នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត កុស​មៈ​«​គី​រី​រម្យ​» រហូត​ឈាន​ទៅ​ដល់​ការ​រៀបចំ​ឯកសារ និង​បាន​ដាក់​បណ្តឹង​ករណី​ល្មើស​នេះ​ទៅ​តុលាការ ដើម្បី​បន្ត​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ នា​ពេល​កន្លង​មក ។

ក្នុង​ន័យ​នេះ ក្រសួងបរិស្ថាន​បាន​បន្ត​ពង្រឹង​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​ដី​រដ្ឋ និង​ធនធាន​ព្រៃឈើ​នៅ​តាម​តំបន់ការពារធម្មជាតិ ។ ក្រសួងបរិស្ថាន សូម​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់ ស្រប​យ​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​ក្នុង​នោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ត្រូវ​អនុវត្ត​ច្បាប់​១០០% ដោយ​គ្មាន​ការ​លើកលែង​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស ។

ជាមួយ​គ្នា​នេះ បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​កាប់​គាស់ ឬ​រុករាន ឬ​ឆ្ការ​ដុត ឬ​ឈូស​ឆាយដី​ព្រៃ ដើម្បី​ធ្វើ​កម្មសិទ្ធិ គឺជា​បទល្មើស​ធនធានធម្មជាតិ ដែល​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ។ ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ត្រង់​មាត្រា​៨៥៥ បាន​ចែង​ស្តី​ពី​ការ​ធ្វើ​សកម្មភាព​សាងសង់ ឬ​ធ្វើ​ប្រតិបត្តិការ​គម្រោង​បំពាន​ការ​ហាមឃាត់ និង​មាត្រា​៨៥០ ចំណុច «​ង​» បាន​ចែង​ពី​ការ​ដឹក​ជញ្ជូន ប្រមូល​ធ្វើ​សន្និធិ ឬ​ប្រមូល​សន្និធិ​ផល និង​អនុ​ផល​ធនធានធម្មជាតិ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ចំណុច «​ឌ​» ការ​បោះបង្គោល​ហ៊ុម​ព័ទ្ធ ឬ​ដាក់​សញ្ញា​សម្គាល់​លើ​ដី ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ ក្នុង​គោលបំណង​កាន់កាប់ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​។

សូម​បញ្ជាក់​ថា ក្រសួងបរិស្ថាន បាន​នឹង​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ បំផុត​លើ​ការ​ទប់ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​នូវ​រាល់ សកម្មភាព​ល្មើសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ព្រមទាំង​ផ្តល់​កិច្ចសហការ ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

យោង​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ តំបន់​ការពារ​ធនធានធម្មជាតិ គឺជា​ដែនដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ រួម​មាន ដែនដី​គោក ឬ​ដែនទឹក រួម​ទាំង​ឆ្នេរសមុទ្រ និង​សមុទ្រ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ទទួលស្គាល់​ដោយ​បញ្ញត្តិ​នៃ​ច្បាប់ ឬ​តំបន់​ដែល​បង្កើត​ថ្មី​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​ទទួល​បន្ទុក​បរិស្ថាន​និង​ធនធានធម្មជាតិ​។

តំបន់​ទាំងនោះ​មាន​លក្ខណៈ​សំខាន់​ទាំង​ផ្នែក​រូបសាស្ត្រ និង​ជីវសាស្ត្រ​ដែល​តម្រូវ​ឱ្យ​មានការ​គ្រប់គ្រង​តាម​ច្បាប់​ក្នុង​បំណង​ការពារ និង​ថែទាំ ជីវៈចម្រុះ ធនធានធម្មជាតិ និង​ធនធាន​វប្បធម៌ ហើយ​ត្រូវ​បាន​គ្រប់គ្រង ប្រកបដោយ​និរន្តរភាព​គ្រប់​ជំនាន់ ដើម្បី​ផលប្រយោជន៍​បរិស្ថាន សង្គម​និង​សេដ្ឋកិច្ច​៕