រាជធានីភ្នំពេញ ៖ ព័ត៌មានបឋម ! ជនសង្ស័យ០២នាក់រត់គេចខ្លួនបាន៨ថ្ងៃ ចុងក្រោយត្រូវនគរបាលព្រហ្មទណ្ឌនាយកដ្ឋាន ស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោស ។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង និងខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង០២ខាងលើនេះមានឈ្មោះ អួង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ។
ប្រភពពីនគរបាល បានបញ្ជាក់អោយដឹងថា កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញ ឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។
រហូតដល់ម៉ោង ១នឹង៣០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នគរបាលបានឃាត់ខ្លួនជនដៃដល់ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រោយពីសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបា.ញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល២,៣០០ដុល្លារ ។
ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី ។
ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង មាន អាវុធខ្លី ១ដើមម៉ាក K59 (ធ្វើសកម្មភាព) ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៤នឹង៥០នាទីទាបភ្លឺ មានករណីប៉ុនប៉ងឃា.តកម្មកើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះដើម្បីទៅហូបកាហ្វេ ៕
ចែករំលែកព័តមាននេះ