ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ទុក​ពេល​១៥​ថ្ងៃ​ឱ្យ​ពលរដ្ឋ​មក​ដាក់​ពាក្យ​ទទួលយក​ទីតាំង​ដី​ឡូត៍​ថ្មី​ចំពោះ​អ្នក​ដែល​រស់នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ

5 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ​ថា ៖ សូម​ជម្រាប​ជូន លោក​-​លោកស្រី ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ ជាប់​របង​…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ​ថា ៖ សូម​ជម្រាប​ជូន លោក​-​លោកស្រី ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ ជាប់​របង​ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ជ្រាប​ថា អនុលោម​តាម​លិខិត​លេខ ៦៥៥ ស​ជ​ណ​.​ដប ចុះ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​សម្រេច​យល់ព្រម​ជា​គោលការណ៍​ជូន​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រៀបចំ​ដី​បម្រុង​ទុក​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​នោះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់ នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា កន្លង​មក​ក្រុមការងារ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​គណៈកម្មការ​អន្តរក្រសួង បាន​ខិតខំ​ជួប​ប្រជុំ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​ច្រើន​សារ ដែល​មក​ទល់​ពេល​នេះ មានគ្រួសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឯកភាព​ទទួលយក​ទីតាំង​ដី​ឡូត៍​ថ្មី​រួចរាល់​ហើយ ប៉ុន្តែ​នៅ​មានគ្រួសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​តែ​ទាមទារ​លក្ខខណ្ឌ​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ន័យ​នេះ ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​លំដាប់ថ្នាក់ 4E ការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សោភណភាព​របស់​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ស្រប​តាម​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មក​ដាក់​ពាក្យ​ទទួលយក​ទីតាំង​ដី​ឡូត៍​ថ្មី ជាមួយ​ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត ដោយ​ទុក​រយៈពេល​ចំនួន​១៥​ថ្ងៃជា​កំហិត គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សង្កត់ធ្ងន់​ថា ផុត​រយៈពេល​កំណត់​ខាងលើ​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ពុំ​លើកយក​ករណី​នេះ​មក​ពិនិត្យ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទៀត​ឡើយ ហើយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាត់វិធានការ​រដ្ឋបាល​ចុះ​រុះរើ​សំណង់ ដែល​សង់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ