ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​៤​ខែ «៤ ២០០​ដុល្លារ​/​តម្លឹង​»

6 ម៉ោង មុន

បរទេស ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​៤​ខែ នៅ​ក្នុង​ការ​ជួញដូរ​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ចំ​ពេល​បណ្តា​វិ​យោគិន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់…

បរទេស ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​៤​ខែ នៅ​ក្នុង​ការ​ជួញដូរ​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ចំ​ពេល​បណ្តា​វិ​យោគិន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់ សម្រាប់​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) ក្នុង​ខែ​នេះ​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ១,២% នៅ​ក្នុង​តម្លៃ ៣,៤៨៦​ដុល្លារ​ក្នុង​១​អោន ឬ​ស្មើនឹង ៤ ២០០​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១:៤០​នាទី​រសៀល​ថ្ងៃ​ទី​១ ​កញ្ញា​ ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​) ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែមេសា កន្លង​ទៅ​។

លោក Matt Simpson អ្នកវិភាគ​ជាន់ខ្ពស់​ពី City Index បាន​លើក​ឡើង​ថា វិនិយោគិន​កំពុង​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ថា ធនាគារកណ្តាល​អា​មេ​រិ​ក​អាច​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជា​មូលដ្ឋាន ២៥ ពិន្ទុ​ក្នុង​ខែកញ្ញា​នេះ​។ ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​បន្ត​ថា តុលាការ​ឧទ្ធរណ៍​អា​មេ​រិ​ក​ក៏​បាន​ចាត់​ទុក​គោលនយោបាយ​ពន្ធគយ​ភាគច្រើន​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ថា​ខុសច្បាប់ ដែល​កត្តា​នេះ​ប៉ះពាល់​ដល់​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។

ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ក្នុង​ការ​ជួញដូរ​ថ្ងៃ​ទី​១ ខែកញ្ញា ខណៈ​ដែល​វិនិយោគិន​កំពុង​ផ្តោត​ទៅ​លើ​ទិន្នន័យទីផ្សារ​ការងារ​របស់​អា​មេ​រិ​ក​ក្នុង​ស​ប្តា​ហ៍​នេះ ដែល​អាច​កំណត់​ទំហំ​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដែល​រំពឹង​ទុក​ដោយ​ធនាគារកណ្តាល​អា​មេ​រិ​ក​នៅ​ចុងខែ​នេះ​។ ដ្បិត​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ដុល្លារ និង​ការ​រំពឹង​ទុក​ពី​ទិន្នន័យទីផ្សារ​ការងារ​របស់​អា​មេ​រិ​ក ក៏​មាន​ជះ​ឥទ្ធិពល​លើ​កំណើន​តម្លៃ​មាស​អន្តរជាតិ​ផង​ដែរ​។

ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ ០,០៤% ធៀប​ទៅ​នឹង​ប្រាក់​យេ​ន​ជប៉ុន​ក្នុង​ការ​ជួញដូរ​នៅ​អាស៊ី​ថ្ងៃ​ទី​១ ខែកញ្ញា សម្រាប់ ១​ដុល្លារ​ស្មើ ១៤៦,៩៨​យេ​ន ដោយ​បាន​បន្ត​ការ​ធ្លាក់​ចុះ​ប្រចាំខែ​របស់​ខ្លួន​ចំនួន ២,៥% ធៀប​នឹង​រូបិយប័ណ្ណ​ជប៉ុន កាលពី​ខែសីហា​។ ចំណែក​ប្រាក់​អឺ​រ៉ូ​បាន​កើនឡើង ០,២៥% ដោយ ១​អឺ​រ៉ូ ស្មើនឹង ដល់ ១,១៧​ដុល្លារ​។

ងាក​ទៅ​ផ្នែក​ពាណិជ្ជកម្ម​ឯណោះ​វិញ អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Jamieson Greer កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ បាន​ថ្លែង​ថា រដ្ឋបាល​លោក ត្រាំ កំពុង​បន្ត​កិច្ចចរចា​របស់​ខ្លួន​ជាមួយ​បណ្តា​ដៃគូ​ពាណិជ្ជកម្ម បើ​ទោះបីជា​តុលាការ​ឧទ្ធរណ៍​អា​មេ​រិ​កបាន​សម្រេច​ថា គោលនយោបាយ​ពន្ធគយ​ភាគច្រើន​របស់​លោក ត្រាំ គឺ​ខុសច្បាប់​យ៉ាងណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ