ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ខណៈដែលប្រើហិង្សាលើប្រពន្ធខ្លួនឯង(វាយនិងទាត់)បណ្តាលឱ្យរងរបួស ព្រោះខឹងរឿងប្រពន្ធមិនទៅខ្ចីលុយគេចំនួន១០ម៉ឺនរៀលឱ្យខ្លួន ។
ករណីហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធ ហើយនគរបាលឃាត់ខ្លួនបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា បុរសជាប្តីដែលនគរបាលឃាត់ខ្លួនបានមានឈ្មោះ ឃឺន សាម៉ង អាយុ២៥ឆ្នាំ រស់នៅជាមួយប្រពន្ធ មានឈ្មោះ សឿង ស្រីមុំ អាយុ៣៦ឆ្នាំមុខរបរកសិករ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនបុរសជាប្តីនោះ គឺនៅវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូករូង បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿង ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច បានរៀបរាប់ថា÷ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ប្តីរបស់នាង ឈ្មោះ ឃឺន សាម៉ង អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា បានវាយមកលេីនាងចំនួន០៣ដៃ ចំក្បាលពីខាងក្រោយ(វាយក្តាប់ដៃ)ម្តង។ស្
ត្រីជាប្រពន្ធបន្តថា លុះដល់វេលាម៉ោង០៤និង២០នាទី ថ្ងៃខែដដែល ប្តីរបស់នាងបានវាយជាលើកទី២ មកលេីនាងចំនួន០៣ដៃចំក្បាលពីខាងក្រោយ(វាយក្តាប់ដៃ) និងទាត់ត្រូវពីខាងក្រោយមួយជេីង បណ្ដាលឲ្យរងរបួសហេីមជាំទៀត ។ មូលហេតុដែលប្តីរបស់នាងវាយមកលើរូបនាងនោះគឺ ផ្តើមចេញពីរឿង ប្តីរបស់នាងឲ្យទៅខ្ចីលុយគេចំនួន១០០,០០០រៀល ប៉ុន្តែរូបគាត់ជាប្រពន្ធមិនទៅ ប្តីក៏កើតចិត្តខឹងវាយម្តងហើយម្តងទៀត នាងទ្រាំលែងបានក៏ដាច់ចិត្តប្តឹងតែម្តង ។
នគរបាលស្រុកភ្នំស្រួចបានបន្តទៀតថា កន្លងទៅជនដៃដល់ឈ្មោះខាងលើនេះ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារ(វាយប្រពន្ធ) និងធ្លាប់ធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្តិ៍នគរបាលចំនួន០១លេីក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ប៉ុន្តែមិនរាងចាល មិនកែ។សំណូមពររបស់ប្រពន្ធ សុំឲ្យសមត្ថកិច្ចនគរបាលធ្វើការអនុវត្តតាមច្បាប់ចុះ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា បច្ចុប្បន្នជនដៃដល់ជាប្តីនគរបាលជំនាញធ្វើការសួរនាំ និងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ