ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​អាច​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នៅ​ថ្ងៃ​ទី​៤​-​៥​ ខែ​កញ្ញា

7 ម៉ោង មុន

ទី​ក្រុង​បាងកក​៖​ មាន​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ពាក់​ព័ន្ធនឹង​នយោបាយ​ថៃ​។ ថ្ងៃ​នេះ​ រដ្ឋ​សភា​ប្រកាស​ថា​នឹង​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា (ចំ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ) ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ត្រៀម​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ គណ​បក្ស​ណា​ខ្លះ​ស្នើ​បេក្ខ​ភាព​នាយក​រដ្ឋម​ន្ត្រី​ទៅ​សភា​មិន​ទាន់​ដឹង​​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​នៅ​ពី​ក្រោយ​វាំង​នន​នយោ​បាយ​ គណ​បក្ស​នានា​កំពុង​តែ​​​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ដើរ​​កៀង​គរ​គណ​បក្ស​ដទៃ​ទៀត​ដែល​មាន​អាសនៈ​នៅក្នុង​សភា​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​របស់​ខ្លួន​។…

ទី​ក្រុង​បាងកក​៖ មាន​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ពាក់​ព័ន្ធនឹង​នយោបាយ​ថៃ​។ ថ្ងៃ​នេះ​ រដ្ឋ​សភា​ប្រកាស​ថា​នឹង​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា (ចំ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ) ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ត្រៀម​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ គណ​បក្ស​ណា​ខ្លះ​ស្នើ​បេក្ខ​ភាព​នាយក​រដ្ឋម​ន្ត្រី​ទៅ​សភា​មិន​ទាន់​ដឹង​​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​នៅ​ពី​ក្រោយ​វាំង​នន​នយោ​បាយ​ គណ​បក្ស​នានា​កំពុង​តែ​​​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ដើរ​​កៀង​គរ​គណ​បក្ស​ដទៃ​ទៀត​ដែល​មាន​អាសនៈ​នៅក្នុង​សភា​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​របស់​ខ្លួន​។ ក្នុង​នោះ​ គេ​ដឹង​ថា​មាន​គណ​បក្ស​២​កំពុង​ប្រជែង​គ្នា​ដណ្ដើម​ការ​គាំទ្រ​ពី​គណ​បក្ស​ប្រជា​ជន​។

គណ​បក្ស​ភូមិ​ចៃ​ថៃ​​កំពុង​បើក​យុទ្ធ​នា​ការ​របស់​ខ្លួន​ដោយ​ស្ងៀម​ស្ងាត់​ដើម្បី​ឡើង​កាន់​អំណាច​នៅ​ពេល​ខាង​មុខ​។ ដូច្នេះ​គណ បក្ស​នេះ​កំពុង​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​គណ​បក្ស​ភឿថៃ​ដែល​កំពុង​អន្ទង​ចិត្ត​គណ​បក្ស​ប្រជា​ជន​ដើម្បី​បោះឆ្នោត​គាំទ្រ​បេក្ខ​ជន​របស់​ខ្លួន (លោក​ឆៃ​កា​សឺម)។ ចំណុច​សំខាន់​នៅ​ត្រង់​ថា​គណ​បក្ស​ភឿ​ថៃ​កំពុង​ដឹក​នាំ​​​រដ្ឋាភិបាល​ចាំ​ផ្ទះ ហើយ​អាច​នឹង​មាន​សិទ្ធិ​ស្នើ​បេក្ខ​ភាព​របស់​ខ្លួន​ទៅ​មុន​។ ដូច្នេះ​បើ​ទុក​ជា​ភូមិ​ចៃ​ថៃ​អាច​មាន​សិទ្ធិ​ស្នើ​បេក្ខ​ភាព​របស់​ខ្លួន​ក៏​ត្រូវ​ចាំ​វគ្គ​​ក្រោយ​សិន​។​

គណ​បក្ស​ប្រជា​ជន​មាន​អ្នក​តំណាង​រាស្ត្រ​ច្រើន​ជាង​គេ​នៅ​សភា​។ ប៉ុន្តែ​គណ​បក្ស​នេះ​មិន​អាច​ស្នើ​បេក្ខ​ភាព​ទៅ​សភា​ទេ​ព្រោះ​គ្មាន​បេក្ខ​ជន​​នាយក​រដ្ឋ​មន្ត្រី​។ គណ​បក្ស​នេះ​ទើប​តែ​បង្កើត​ថ្មី​ក្រោយ​ពេល​តុលាការ​ធម្ម​នុញ្ញ​រំលាយ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​។ ​ អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ក៏​ទៅ​ជ្រក​កោន​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន​។ គេ​សម្លឹង​ឃើញ​គណ​បក្ស​នេះ​ជា​កម្លាំង​ចលករ​​សំខាន់​ក្នុង​ការ​ចាំ​ជួយ​ពី​ក្រោយ​ខ្នង​ដើម្បី​ឱ្យ​គណ​បក្ស​ណា​មួយ​ឡើង​កាន់​អំណាច​។ ប៉ុន្តែ​ក៏​ត្រូវ​មាន​ថ្នូរ​ត្រឡប់​ទៅ​វិញ​ដែរ។​​ មាន​ន័យ​ថា​ត្រូវ​ធ្វើ​ទៅ​តាម​លក្ខ​ខណ្ឌ​ទាម​ទារ​មួយ​ចំនួន​។ ក្រោយ​ពេល​បោះ​ឆ្នោត​ឱ្យ​គេ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​រួច​ហើយ​ គណ​បក្ស​ប្រជា​ជន​សន្យា​ថា​ខ្លួន​​នឹង​បន្ត​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​ដដែល​។​​​

ឥឡូវ​នេះ គេ​សង្កេត​ឃើញ​ថា​មាន​ប៉ូល​នយោបាយ​ ឬ​មុំ​នយោបាយ​បី​នៅ​ក្នុង​គម្រោង​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ ទី១-​ក្រុម​ពណ៌ទឹក​ក្រូច​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​ដែល​មាន​១៤៣​អាសនៈ​នៅ​ក្នុង​សភា, ទី២-​ក្រុម​ពណ៌​ក្រហម​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ភឿ​ថៃ​មាន​១៤០​អាសនៈ​នៅ​ក្នុង​សភា និង​ទី​៣-​ក្រុម​ពណ៌​ខៀ​វ​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ភូមិ​ចៃ​ថៃ​មាន​៦៩​អាសនៈ​នៅ​ក្នុង​សភា​។

នៅ​ថ្ងៃ​នេះ​ផង​ដែរ​ ប្រធាន​រដ្ឋ​សភា​ថៃ​ លោក​វ៉ាន់​មហា​ម៉ាត់​ (Wan Muhammad Noor Matha) ប្រកាស​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​អាច​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​៤ ឬ​ទី​៥​ ខែ​កញ្ញា​។ លោក​បាន​ណែ​នាំ​ឱ្យ​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋ​សភា​​ត្រៀម​ខ្លួន​ទទួល​យក​សំណើ​ពី​បណ្ដា​គណ​បក្ស​នយោបាយ​នានា​ដែល​ចង់​បញ្ជូន​បេក្ខ​ជន​របស់​ខ្លួន​ទៅ​សភា​ដើម្បី​​ស្នើ​សុំ​សេច​ក្ដី​ទុក​ចិត្ត​។

លោក​​វ៉ាន់​មហា​ម៉ាត់​សង្កត់​ធ្ងន់​ថា​​មិន​អាច​បណ្ដោយ​ឱ្យ​​តំណែង​​នាយក​រដ្ឋ​មន្ត្រី​ទំនេរ​ជា​ស្ថា​ពរ​បែប​នេះ​យូរ​ត​ទៅ​ទៀត​ទេ​។ បើ​មិន​ដូច្នេះ​ទេ​នឹង​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ការ​ទុក​ចិត្ត​ពី​សា​ធាណៈ​ជន​។ ប្រភព​ខ្លះ​ថា​ទោះ​បី​ភឿថៃ​អះ​អាង​ថា​ខ្លួន​ និង​គណ​បក្ស​ប្រជា​ជន​បាន​និយាយ​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​ដើម្បី​គាំទ្រ​បេក្ខ​ជន​របស់​ខ្លួន​ ប៉ុន្តែ​គណ​បក្ស​ប្រជា​ជន​បញ្ជាក់​ច្បាស់​ៗ​ថា​ខ្លួន​សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់​ មិន​ប្រកាស​គាំទ្រ​បេក្ខ​ជន​រូប​ណា​ទេ​។ ដូច្នេះ​ ត្រូវ​រង់​ចាំ​រហូត​ដល់​ចេញ​លទ្ធ​ផល​បោះ​ឆ្នោត​សិន​ទើប​ដឹង​ទាំង​អស់​គ្នា​។

រឿង​នេះ​ច្បាស់​ណាស់​។ សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ជន​ក៏​ទើប​តែ​ចេញ​មក​បញ្ជាក់​ផង​ដែរ​ថា​រាល់​ការ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍ ឬ​អត្ថា​ធិប្បាយណា​មួយ​មិន​អាច​យក​ជា​ផ្លូវ​ការ​ទេ​​។ ដូច្នេះ ទោះ​បី​មាន​ការ​ចរ​ចា​គ្នា​ក្រោម​តុ​យ៉ាង​ណា​ក្ដី​ក៏មិន​ទាន់​អាច​យក​ជា​បាន​ការ​ដែរ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ដឹ​ណេសឹន (The Nation Thailand), ខាវ​សត់ (Khaosod) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ