រាជធានីភ្នំពេញ ៖ សមាជិកព្រឹទ្ធសភា ចំនួន៥៤រូបនៃចំនួនសមាជិព្រឹទ្ធសភាទាំងមូលបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិជាស្ថាពរ ។
ការអនុម័តច្បាប់ស្តីពីសញ្ជាតិរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឲ្យដឹងថា មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភាបានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មិងស្មាធិ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ ។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួលនិងបន្ថែមរបបគតិយុត្តអំពីការបាត់សញ្ជាតិខ្មែរតាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីព្រាងច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលបំផ្លាញឧត្តមប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា ។ ការធ្វើវិសោធនកម្មច្បាប់នេះក៏បង្ហាញឱ្យឃើញ អំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ ។

គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេសបែរជាមានជនអគតិដែលមានសញ្ជាតិខ្មែរ មួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លីន ចូលរួម និងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិ ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
កាលពីសម័យសង្គមរាស្ត្រនិយម ច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រមលេខ ៣៧៧/៦៨ ប.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ក៏បានកំណត់អំពីការបាត់សញ្ជាតិខ្មែរក្នុងករណីបុគ្គលនោះត្រូវបានតុលាការកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនាក្បត់ជាតិ ឬប្រទូសរ៉ាយនឹងភាពសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ ។

ទន្ទឹមនឹងនេះនៅលើពិភពលោក នាពេលបច្ចុប្បន្ន មានប្រទេសប្រមាណ១៥០ប្រទេសដែលមានច្បាប់ដកសញ្ជាតិ ហើយនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺប្រទេសចំនួន៩មានច្បាប់ នេះរួចទៅហើយលើកលែងតែកម្ពុជាតែប៉ុណ្ណោះ ។ សេចក្តីស្នើច្បាប់នេះរៀបចំឡើងមាន២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១២០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ។
ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តី ស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយ បំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
សូមជម្រាបថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕
ចែករំលែកព័តមាននេះ