ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានផ្ទះនិងដីនៅចំណុចដែលទាហានថៃហ៊ុមព័ទ្ធដោយបន្លាលួសរំលោភយក អាជ្ញាធរនិងកងកម្លាំងត្រូវតែការពារ ទោះបីអាជ្ញាធរសៀមព្រមានទុកពេល២ខែឱ្យរុះរើក្ដី នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

នៅពេលដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទៅពិនិត្យជាក់ស្តែង កាលពីថ្ងៃទី២៩ ខែ
សីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានផ្តល់បទសម្ភាសន៍ថា ពេលនេះប្រជាពលរដ្ឋរស់នៅផ្ទះសម្បែងរបស់ពួកគាត់ ហើយរស់នៅក្នុងទឹកដីកម្ពុជា ដែលមានអាជ្ញាធរខេត្ត និងកងកម្លាំងនៅការពារបងប្អូនដោយមិនឱ្យប្រទេសជិតខាងមកឈ្លានពាននិងរំលោភអធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាឡើយ ។

ឯកឧត្តមបញ្ជាក់ថា កន្លងមក ទាហានថៃបានមកដាក់លួសបន្លាហ៊ុមព័ទ្ធផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១២ខ្នង ស្មើនឹង១២គ្រួសារ ដែលមានមនុស្សរាយចំនួន៥៩នាក់ ក្នុងនោះ មានភូមិជោគជ័យចំនួន៦ខ្នង មាន៦គ្រួសារ ដែល២គ្រួសារជាគ្រួសារយោធា ។ ឯនៅភូមិព្រៃចាន់ចំនួន៦ខ្នង ស្មើនឹង៦គ្រួសារ ក្នុងនោះមាន៣គ្រួសារខាងជើងផ្លូវត្រូវបានទាហានសៀមដាក់មីក្រូបណ្តេញចេញពីលំនៅឋាន និងមាន៣គ្រួសារត្រូវទាហានសៀមដាក់លួសបន្លា និងដាក់កង់ឡានបិទគ្មានផ្លូវចេញ-ចូល ពេលនេះពួកគាត់បានបោះតង់រស់នៅក្បែងរបងលួសបន្លា ។

ពេលនេះទៀត រដ្ឋបាលខេត្តស្រះកែវប្រទេសថៃ បានកំណត់រយៈពេល២ខែ ឱ្យពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រុះរើផ្ទះសម្បែងចេញ បើមិនរុះរើទេ គេនឹងប្រើប្រាស់កម្លាំងយោធាបណ្តេញប្រជាពលរដ្ឋខ្មែរចេញ ។

ឯកឧត្តមអភិបាលខេត្តបានរំឭកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥កន្លងទៅ បានប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។ កិច្ចប្រជុំរវាងយោធភូមិភាគទី៥ កម្ពុជា និងភូមិភាគទី១ថៃ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យល្អ និងចូលរួមទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ៕
ចែករំលែកព័តមាននេះ