ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជំហររឹងមាំ ៖ កម្ពុជាមិនស្នើសុំថៃបើកច្រកព្រំដែនឡើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​នា​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​នា​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ តាម​ពិត​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទេ នៅ​ចំពោះ​មុខ​ជម្លោះ​កម្ពុជា​-​ថៃ ដែល​កំពុង​ត្រូវ​បាន​សម្របសម្រួល​ក្រោម​បទ​ឈប់​បាញ់ ដើម្បី​ធានា​ថា ជីវិត​កងទ័ព និង​ប្រជាជន​មិន​ត្រូវ​ស្លា​.​ប់ និង​របួស​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ ទាំង​ឯកជន​ក៏​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​មិន​ត្រូវ​បាន​បំផ្លាញ​ដោយសារ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នោះ​ឡើយ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ការ​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដែល​កន្លង​មកនេះ មានការ​និយាយ​ច្រើន ដែល​ខាង​កម្ពុជា​ភាគច្រើន​ចេញពី​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម ឯ​សម្រាប់​អ្នកនយោបាយ ឬ​អ្នកដឹកនាំ​កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ី​វិល មិន​មាន​អ្នក​ណា​ចេញ​មក​និយាយ​ទេ ។

ក្រឡេក​មើលទៅ​ប្រទេស​ថៃ មាន​គ្រប់​មជ្ឈដ្ឋាន​ចេញ​មក​និយាយ​យ៉ាងច្រើន ដែល​តាំង​ពីលើ​ដល់​ក្រោម​និយាយ​តែ​ពី​បន្ត​បិទ ។ ចាប់តាំងពី​យោធា​ថៃ​បិទ​ព្រំដែន​ជា​ឯកតោភាគី​មក កម្ពុជា​មិន​ដែល​បាន​សុំ​ភាគី​ថៃ​បើក​ច្រក​វិញ​ទេ គ្រាន់តែ​ប្រាប់​ទៅ​ភាគី​ថៃ​ថា (​ថៃ​ជា​អ្នក​បិទ ថៃ គឺជា​អ្នក​បើក មិនបាច់​ចរចា​ជាមួយ​កម្ពុជា​ទេ ហើយ​កម្ពុជា​នឹង​បើក​តាម​ក្រោយ យ៉ាង​យូរ​៥​ម៉ោង​) ។

ជំហរ​កម្ពុជា​នេះ​នឹង​មិន​ផ្លាស់​ប្តូរ​ទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រកព្រំដែន​នោះ​ដែរ ។ ថៃ​អាច​បន្ត​បិទ​សូ​ម្បី​១០០​ឆ្នាំ​ទៀត ក៏​កម្ពុជា​មិន​ស្លា​.​ប់​ដែរ ។

ខ្ញុំ​គួរតែ​អរគុណ​ថៃ ដែល​តាម​រយៈ​ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​នេះ​ទំនិញ​ថៃ​នាំ​ចូល​មិន​បាន​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជា ដែល​ផលិត​ក្នុងស្រុក​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ប្រជាជន​កម្ពុជា ដែល​ស្រឡាញ់​ជាតិ​នាំ​គ្នា​គាំទ្រ​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក ដែល​នេះ​នឹង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​វែង ។

ជាង​៣​ខែ​អត់​ទំនិញ​ថៃ​ទីផ្សារ​កម្ពុជា​មាន​ស្ថិរភាព មាន​ទំនិញប្រើប្រាស់​គ្រប់គ្រាន់ និង​អតិផរណា​ទាប​និយាយ​ដោយឡែក និង​និយាយ​ជា​រួម​ម៉ាក្រូសេដ្ឋកិច្ច​គ្រប់គ្រង​បាន​ល្អ ។ សម្រាប់​សំណូមពរ​ជប៉ុន​ដែល​វិនិយោគ​នៅ​ថៃ​ផង​នៅ​កម្ពុជា​ផង ដែល​ត្រូវការ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ សូម​ជប៉ុន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ព្រោះ​ភាគី​កម្ពុជា​បាន​ផ្តល់​ការ​យល់ព្រម​រួច​ហើយ ។ ខ្ញុំ​សូម​បងប្អូន​ជនរួមជាតិ មេត្តា​អត់ធ្មត់ និង​ទុក​លទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី​។ យើង​មិន​អាច​យក​សង្គ្រាម​ដើម្បី​បញ្ចប់សង្គ្រាម​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ