រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះរោងបោះពុម្ពក្រដាសសែនមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នេះបើយោងតាមផេកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានផ្សាយនាយប់នេះ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ដោយទទួលបានបទបញ្ជាខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង១៦ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៦ម៉ែត្រគូប និងរថយន្តសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រូគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ដោយឡែកប្រភេទសំណង់ ជាប្រភេទ ថ្មស័ង្កសី ទំហំ ៥ម៉ែត្រ x ១២ម៉ែត្រ។ ខូចខាតសម្ភារៈឆេះក្រដាសសែនអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦និង៥០នាទីយប់នាថ្ងៃខែឆ្នាំដដែរ ។ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការបោះកន្ទុយបារីចោលបង្ករជាអគ្គិភ័យ ។ ដោយនៅក្នុងករណីនេះ គ្មានមនុស្សស្លា.ប់ និងរងរបួសនោះឡើយ ៕





ចែករំលែកព័តមាននេះ