រាជធានីភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានថៃមួយចំនួន ដែលបានចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបាញ់អាវុធចូលទឹកដីថៃ ។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅរសៀលនេះ មានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា «កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូចចំនួន៣ ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ» ។
ក្រសួងការពារជាតិ សូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ដូចការលើកឡើងខាងលើនោះទេ ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់យើងបានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនាចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០នាទីរសៀល ហើយនៅវេលាម៉ោង១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ ។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ ។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ៕
ចែករំលែកព័តមាននេះ