លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា កិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានប្រព្រឹត្តទៅតាមប្រព័ន្ធ VTC នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានបញ្ចប់នៅម៉ោង១០និង៤០នាទី ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ។
ក្នុងកិច្ចប្រជុំនេះ សហប្រធានភាគីកម្ពុជានៃក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរឡើយដែលកិច្ចការងារព្រំដែននេះស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃ ។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ